អភិបាលខណ្ឌមានជ័យ ច្រានចោលចំពោះហ្វេសប៊ុកឈ្មោះ “អធិរាជ មហាសាច់” ដែលបង្ហោះចោទប្រកាន់រូបលោក
ភ្នំពេញ ៖ លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ប្រកាសច្រានចោល និងបដិសេធទាំងស្រុង បន្ទាប់ពីគណនេយ្យហ្វេសប៊ុកឈ្មោះ “អធិរាជ មហាសាច់” ដែលបានបង្ហោះព័ត៌មានក្នុងន័យមួលបង្កាច់ ចោទប្រកាន់ លាបពណ៍រូបលោកថា” ស៊ីសំណូក សូកប៉ាន់បង់ប្រាក់ប្រចាំខែ ពីទីតាំងម៉ាស្សាកោសជប់នៅគល់ស្ពានស្ទឹងមានជ័យ” និងទាមទារឲ្យម្ចាស់គណនេយ្យនេះរកភស្តុតាង និងសាក្សី មកបញ្ជាក់ បង្ហាញ បើមិនដូច្នោះទេ លោកនឹងរៀបចំពាក្យបណ្តឹងចាត់វិធានការណ៍ទៅតាមផ្លូវច្បាប់ ដោយមានខ្លឹមសារទាំងស្រុងថា “ក្នុងនាមខ្ញុំអភិបាលខណ្ឌមានជ័យ សូមបដិសេធទាំងស្រុងក្នុងការចោទប្រកាន់ថាខ្ញុំឃុបឃិតស៊ីសំណូកសូកប៉ាន់បង់ប្រាក់ប្រចាំខែជូនខ្ញុំពីទីតាំងមួយនេះ ។
លោក ពេជ្រ កែវមុនី បន្តថា ៖ ម្ចាស់ Account មួយនេះត្រូវរកភស្តុតាងអោយឃើញ បើមិនដូច្នោះ ខ្ញុំនឹងប្តឹងពីបទបរិហាកេរ្តិ៍ខ្ញុំ ។ កន្លងមកខ្ញុំតែងតែបញ្ជារទៅគ្រប់មន្ត្រី និងគ្រប់សមត្ថកិច្ចក្រោមឱវាទទាំងអស់ ត្រូវលុបបំបាត់អោយខានតែបានរាល់បញ្ហាឧបាយមុខនានាដែលមាននៅតាមមូលដ្ឋាន ។ លោកបានបញ្ជាក់ឡើងវិញថា រាល់ទីតាំងអាជីវកម្ម សេវាកម្មគ្រប់ប្រភេទទាំងអស់ ទាំងស្របច្បាប់ ទាំងមិនស្របច្បាប់ទាំងអស់ ខ្ញុំគ្មានពាក់ព័ន្ធនឹងផលប្រយោជន៍នៅកន្លែងទាំងនោះឡើយ ។
បើបងប្អូនណាបានដឹងថាកន្លែងណាមួយមានពាក់ព័ន្ធនឹងឈ្មោះខ្ញុំ ឬតួនាទីខ្ញុំនោះសូមរាយការណ៍ជូនខ្ញុំ ឬសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តវិធានការច្បាប់ ព្រោះខ្ញុំយល់ថា វាជាអំពើមួលបង្កាច់ ឬលាបពណ៌ខ្ញុំ ក្នុងគោលបំណងបន្សាបឥន្ធិរបស់ខ្ញុំប៉ុណ្ណោះ ដើម្បីក្នុងគោលបំណងណាមួយដែលពួកគេចង់បាន ។
ការច្រានចោលការចោទប្រកាន់ខាងលេីនេះ គឺបន្ទាប់ពីមានគណនេយ្យហ្វេសប៊ុកឈ្មោះ “អធិរាជ មហាសាច់” បានបង្ហោះចោទប្រកាន់ទៅលេីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ កាលពីវេលាម៉ោង០៨និង៤៦យប់ថ្ងៃទី២៥ខែមេសា ឆ្នាំ២០១៩ដោយមានខ្លឹមសារទាំងស្រុងថា “គល់ស្ពានស្ទឹងមានជ័យយើងហ្នឹងតែមួយសុិច ៣មុីនរៀលទេ! អភិបាលខ័ណ្ឌមានជ័យ នៅតែបន្តប្រព្រឹត្តអំពើពុករលួយ បើកដៃ ឱ្យពួកយួនបើកហាងស្រីខូច ដោយដាក់ផ្លាកខាងក្រៅ ថា ៖ មានលក់កាហ្វេនិងភេសជ្ជៈគ្រប់មុខ តែចូលដល់ក្នុង សុទ្ធតែស្រីខូចយួននិងខ្មែរចំរុះ។ ប្រជាពលរដ្ឋនៅទីនោះសង្ស័យនិងនិយាយប្រាប់ខ្ញុំថា៖ ម្ចាស់ហាងប្រហែលជាខ្សែធំហើយ មើលទៅ បានជាគ្មានសមត្ថកិច្ចណាហ៊ានទៅបង្ក្រាបនៅទីនោះសោះ។ ចំណែក អ្នកដែលធ្លាប់ទៅវ៉ៃសិចនៅទីនោះ គាត់បាននិយាយតៗគ្នានៅរោងកាហ្វេផ្សេង ថា៖ សមត្ថកិច្ចបង្ក្រាបយ៉ាងមិចកើត បើម្ចាស់ហាងបង់លុយឱ្យអភិបាលខ័ណ្ឌស្ទឹងមានជ័យ រាល់ខែហ្នឹង ស្រុកខ្មែរយើងលូវអញ្ចឹង។ #ប្រភពfb” នេះគ្រាន់តែការលេីកឡេីងរបស់គណនេយ្យហ្វេសប៊ុកមួយឈ្មោះថា “អធិរាជ មហាសាច់” ដែលគេស្គាល់ថាជា
សកម្មជនហ្វេសប៊ុករបស់លោក ព្រំ សាន ដែលតែងតែបង្ហោះព័ត៌មានវាយប្រហារ និងជាន់ពន្លិច គេឯងតាមបណ្ដាញសង្គម ជារេីយៗ។
ជាមួយគ្នានេះ លីនី សម័យតេជោ បានឆ្លើយតបវិញនៅវេលាម៉ោងជាង០៦ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះថា លោក ពេជ្រ កែវមុនី ឆ្លើយចំពោះគណនេយ្យហ្វេសប៊ុក អធិរាជ មហាសាច់ ដែលបានចោទប្រកាន់លោកប្រព្រឹត្តអំពើពុករលួយ បើកដៃឲ្យបើកពេស្យាចារ និងទាមទារអោយម្ចាស់អាខោនរកនេះរកភស្តុតាង និងសាក្សីមកបញ្ជាក់ បង្ហាញ បើមិនដូច្នោះទេ លោក ពេជ្រ កែវមុនី នឹងរៀបចំពាក្យបណ្តឹងចាត់វិធានការណ៍ទៅតាមផ្លូវច្បាប់ !
ប្រសិនបើម្ចាស់គណនេយ្យហ្វេសប៊ុករូបខាងលេីនេះ យកព័ត៌មានមួយនេះមកបង្ហោះចែកចាយបន្ត សូមរកប្រភពដើមឲ្យបានច្បាស់ផង ពីព្រោះការចោទប្រកាន់មួយ ចំពោះបុគ្គលណា ឬថ្នាក់ដឹកនាំរូបណា មានន័យស្មើនឹងបរិហារកេរ្ត៍ !
លីនី សម័យតេជោ បន្តថា៖ ល្មមៗបានហើយ អស់លោកអ្នកខ្លះ ផុសវាយប្រហារនិងជាន់ពន្លិចមន្ត្រីពុករលួយតាមបណ្ដាញសង្គម ក្រែងធ្លាក់លុយខ្លះបិតមាត់ខ្លះ តែបើផុសវាយប្រហារមន្ត្រីស្អាតស្អំ សូម្បីតែលុយផឹកទឹកតែក៏គ្មានផង សូមជ្រាប។ ព្រោះលោកអភិបាលរូបនេះ ថ្វីត្បិតមិនសូវពូកែសំដែងបង្ហាញពីសកម្មភាព តែសំខាន់លោកនិយាយតិចធ្វើច្រើន ការរៀបចំតំបន់អនាធិបតេយ្យស្ទឹងមានជ័យ ទៅជាតំបន់អភិវឧ្ឍរីកចំរើនជាលំដាប់។
គួរជម្រាបជូនថា ថ្មីៗនេះ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានអះអាងថា ការបង្ហោះព័ត៌មាននៅលើ Facebook មិនត្រូវបានច្បាប់ការពារនោះទេខណៈដែលមានអ្នកលេង Facebook មួយចំនួនតាំងខ្លួនជាអ្នកសារព័ត៌មាន ហើយធ្វើការបង្ហោះចែកចាយ ផ្សព្វផ្សាយ ដំណឹងមិនច្បាស់លាស់តាមតែអំពើចិត្ត។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង មានប្រសាសន៍ថា ការបង្ហោះ ការអត្ថាធិប្បាយ និងចែកចាយព័ត៌មាននៅលើបណ្តាញសង្គម Facebook មិនមែនជាការផ្សាយព័ត៌មាន ដែលត្រូវការពារដោយច្បាប់ ស្តីពីរបបសារព័ត៌មាននោះទេ ប៉ុន្ដែអ្នកសារព័ត៌មាន តាមទូរទស្សន៍ តាមវិទ្យុ កាសែត និងសារព័ត៌មាន Online គឺមានការពារដោយច្បាប់របបសារព័ត៌មានជាធរមាន។
ការអះអាងនេះ បន្ទាប់ពីឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់បានបង្ហាញការងឿយ ឆ្ងល់ នៅពេលដែលអ្នកលេង Facebook មួយចំនួនតាំងខ្លួនជាអ្នកសារព័ត៌មាន ហើយធ្វើការបង្ហោះចែកចាយ ផ្សព្វផ្សាយ ដំណឹងមិនច្បាស់លាស់តាមតែអំពើចិត្ត។
ជាមួយគ្នានេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានណែនាំដល់អ្នកលេង Facebook ត្រូវគិតពេលបញ្ចេញមតិ ត្រូវមានការទទួលខុសត្រូវមួយ រាល់ការបង្ហោះប៉ះពាល់សិទ្ធអ្នកដទៃ៕