សមត្ថកិច្ចបញ្ជូនជនជាតិចិន៣នាក់ដែលនាំលុយជាង ៣.៥លានដុល្លារគ្មានប្រភពច្បាស់លាស់ចូលប្រទេសកម្ពុជាទៅតុលាការ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ នេះ កម្លាំងនគរបាលអន្ដោប្រវេសន៍ បានបញ្ជូនខ្លួនជនសង្ស័យជាជនជាតិចិន ៣នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធ ការនាំលុយជាង ៣.៥លានដុល្លារ ដោយគ្មានប្រភពច្បាស់លាស់ ពីទីក្រុងហុងកុង ចូលមកប្រទេសកម្ពុជា ។
សូមរំលឹកថា កម្លាំងនគរបាលអន្ដោប្រវេសន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រចាំនៅព្រលានយន្ដហោះ អន្ដរជាតិភ្នំពេញ បានចាប់ខ្លួនជនសង្ស័យ៣នាក់ ដែលបាននាំលុយចំនួន៣,៥២០,០០០ដុល្លារ ដោយពុំមានការបញ្ជាក់ពី ប្រភពហរិញ្ញវត្ថុច្បាស់លាស់ ពីទីក្រុងហុងកុងចូលមកប្រទេសកម្ពុជា ។
ជនសង្ស័យទាំង៣នាក់រួមមាន៖-ទី១៖ ឈ្មោះ Wang Shiping កាន់លិខិតឆ្លងដែនលេខEC9259330 មុខរបរ មិនពិតប្រាកដ ។
-ទី២៖ ឈ្មោះ Wang Lichao កាន់ លិខិតឆ្លងដែនលេខED4367915 មុខរបរ មិនពិតប្រាកដ ។
-ទី៣៖ ឈ្មោះ Zhang Jian កាន់លិខិត ឆ្លងដែនលេខE 35414034 មិនមានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរមិនពិតប្រាកដ។
ក្រោយពីការត្រួតពិនិត្យឯកសាររួច ជនជាតិចិនទាំង៣នាក់ ត្រូវបានបញ្ជូនទៅកាន់តុលាការចាត់វិធានការតាមនីតិវិធី ក្នុងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហរិញ្ញប្បទានភេរវកម្ម ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាននៅកម្ពុជា ។ ការចាប់ខ្លួនជនជាតិចិនទាំង ៣នាក់ខាងលើនេះ ក៏បានកើតមានឡើងបន្ទាប់ពីសម្ដេចក្រឡាហោម ស ខេង បានចេញសេចក្ដីណែនាំមួយឲ្យកម្លាំងសមត្ថកិច្ចទាំងអស់ បង្កើនវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន៕