សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបមន្រ្តីនៃទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UN)
នៅវិមានសន្តិភាព ថ្ងៃចន្ទ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រតិភូអ្នកសម្របសម្រួល UN ដឹកនាំដោយលោកជំទាវ PAULINE TAMESIS ។
ក្នុងជំនួបនោះ លោកជំទាវ PAULINE TAMESIS បានគោរពជម្រាបជូនសម្តេចតេជោថា អង្គការសហប្រជាជាតិ សូមសំដែងនូវការអបអរសាទរចំពោះការងារដែលបានអនុវត្តប្រចាំឆ្នាំកន្លងមក ជាពិសេស បានបញ្ជាក់ថាជំនួបរវាងប្រតិភូជាក្រុមភ្នាក់ងារអង្គការសហប្រជាជាតិ (UN) និងរាជរដ្ឋាភិបាលមានការជួបគ្នាជារៀងរាល់១ឆ្នាំម្តង ដែលពេលនេះជាលើកទី៥ហើយ ដែលភ្នាក់ងារ (UN) បានចូលជួបប្រជុំជាមួយរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
នៅក្នុងកិច្ចប្រជុំនេះ ប្រតិភូនៃទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) បានលើកឡើងនូវចំណុចសំខាន់ៗ៣គឺៈ ១) ពាក់ព័ន្ធទៅនឹងកិច្ចគាំពារសង្គម, ២)ទាក់ទងទៅនឹងទិន្នន័យសម្រាប់ការអភិវឌ្ឍន៍ និង ៣) បញ្ហាការចូលរួមពិនិត្យរបាយការណ៍ថ្នាក់ជាតិលើការអនុវត្តគោលដៅអភិវឌ្ឍន៍ដោយចីរភាព នៅក្នុងទីក្រុងញ៉ូវយ៉ក (New York) នៅខែ៧ខាងមុខនេះ។
ពាក់ព័ន្ធទៅនឹងចំណុចទី១នៃកិច្ចគាំពារសង្គម គឺប្រតិភូនៃទីភ្នាក់ងារអង្គការសហប្រជាជាតិបានលើកឡើង៣ចំណុចដែលពាក់ព័ន្ឋគ្នា គឺទី១)ការសម្របសម្រួលរវាងស្ថាប័ន និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងការកសាងសមត្ថភាព។ ទី២)គឺការគាំពារសង្គមនិងហិរញ្ញវត្ថុ និងទី៣) គឺការងារសង្គមជាមួយនឹងការអនុវត្តប្រកបដោយសមភាព។ ចំពោះការងារនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យក្រសួង៦ និងក្រុមប្រឹក្សា១ ធ្វើការបកស្រាយរួមមាន ១)ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ,២)ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ , ៣)ក្រសួងសុខាភិបាល ,៤)ក្រសួងផែនការ , ៥)ក្រសួងកិច្ចការនារី និង ៦)ក្រសួងសង្គមកិច្ច និង ៧) ក្រុមប្រឹក្សាស្ដារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។
ចំពោះចំណុចទី១ គឺសម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនប្រតិភូនៃទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN)ពាក់ព័ន្ឋនឹងកិច្ចគាំពារសង្គមថា កម្ពុជាកាលពីដើមឡើយគឺមានភាពក្រីក្ររហូតដល់(១០០%)ឯណោះ ហើយក្រោយមកក៏មានការចាប់ផ្ដើមផ្ដល់នូវកិច្ចគាំពារសង្គមទៅដល់ស្ត្រីដែលមានផ្ទៃពោះ បន្ទាប់មកដល់ស្ត្រីដែលធ្វើការនៅតាមរោងចក្រ និងបន្ទាប់មកទៀតគឺទៅដល់ស្ត្រីដែលមានភាពក្រីក្រ ហើយក៏បានធ្វើការមួយចំនួនថែមទៀត រួមទាំងការកាត់បន្ថយថ្លៃអគ្គិសនី ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការជីកអណ្តូងទឹក ជីកស្រះទឹកជាដើម ដែលទាំងអស់នេះសុទ្ធសឹងតែជាការគាំពារសង្គម។
ទី២)ទាក់ទងទៅនឹងទិន្នន័យសម្រាប់ការអភិវឌ្ឍ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យក្រសួង៤ធ្វើការបកស្រាយ រួមមាន ១)ក្រសួងផែនការ, ២)ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,៣)ក្រសួងកិច្ចការនារី , និង៤)ក្រសួងអប់រំយុវជន និងកីឡា។ ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានជម្រាបជូនបញ្ហាពាក់ព័ន្ធទៅនឹងករណីនេះ ដែលប្រតិភូនៃទីភ្នាក់ងារអង្គការសហប្រជាជាតិបានស្នើ គឺធ្វើយ៉ាងណាដើម្បីបង្កើនថវិកាជាតិនិងពង្រឹងគុណភាពសមត្ថភាព។ ការងារទិន្នន័យសម្រាប់ការអភិវឌ្ឍនេះ សម្តេចតេជោបានធ្វើការបកស្រាយថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានជំរុញក្នុងការបង្កើនថវិកាជាតិជាប្រចាំ ហើយសង្ឃឹមថានឹងឯកភាពបង្កើនថវិកាបន្ថែមទៀត។
ដោយឡែកពាក់ព័ន្ធទៅនឹងការពង្រឹងសមត្ថភាពវិញ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើការណែនាំធ្វើយ៉ាងណាឲ្យមានការជំរុញឲ្យមានការសិក្សានៅថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ផងដែរ ហើយត្រង់ចំនុចនេះ ឯកឧត្តម ហង់ ជួនណារ៉ុន ក៏បានធ្វើការណែនាំទៅដល់ស្ថាប័នពាក់ព័ន្ធនានា ដើម្បីអោយសាកលវិទ្យាធិការទាំងអស់ជំរុញការអប់រំរហូតដល់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។
ចំណុចទី៣ ពាក់ព័ន្ធនឹងកិច្ចចូលប្រជុំរបាយការណ៍ថ្នាក់ជាតិលើការអនុវត្តគោលដៅអភិវឌ្ឍន៍ដោយចីរភាពនេះ អង្គការសហប្រជាជាតិបានស្នើឲ្យកម្ពុជាចូលរួមកិច្ចប្រជុំនៅទីក្រុងញ៉ូវយ៉ក (New York) នៅខែ៧ខាងមុខនេះ ហើយឲ្យមានការគាំទ្រដោយការចូលរួមពីស្ថាប័នពាក់ព័ន្ធទាំងអស់។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យក្រសួងផែនការ ធ្វើការបកស្រាយ ដោយសម្ដេចតេជោបានបន្ដថាកម្ពុជាបានត្រៀមខ្លួនជាស្រេចដើម្បីចូលរួមកិច្ចប្រជុំ នៅខែ៧ខាងមុខនេះ។ ដោយឡែក ដែល UN សុំអោយមានការគាំទ្រពីស្ថាប័នពាក់ព័ន្ធនានានោះ គឺសម្តេចតេជោ បានមានប្រសាសន៍ឆ្លើយតបថា សព្វថ្ងៃនេះរាល់ការងារទាំងអស់គឺមានការសម្របសម្រួលគ្នា ជាពិសេសមានការតចូលរួមពីឧត្តមក្រុមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិកម្ពុជាផងដែរ៕