ឆក់ទូរស័ព្ទដៃមិនបានសម្រេច ដួលម៉ូតូរត់ចូលវត្ថត្រូវប្រជាពលរដ្ឋចាប់ឲ្យសមត្ថកិច្ច
ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិចិនប្រុសស្រីមួយក្រុម ដែលកំពុងជិះម៉ូតូកង់បីឥណ្ឌា មិនបាន សម្រេច បណ្តាលឲ្យដួលម៉ូតូ ជនសង្ស័យក៏បានងេីបរត់ចោលម៉ូតូ ចូលទៅក្នុងវត្តស្រះចក។
បង្កឲ្យការណ៍ភ្ញាក់ផ្អើល កាលពីវេលា ម៉ោង១០និង១០នាទីយប់ថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៩ នៅចំណុចវត្តស្រះចក តាមបណ្ដោយផ្លូវ៤៧កែងនិង៥៣ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ចេង នុត ភេទប្រុស អាយុ១៤ឆ្នាំជនជាតិខ្មែរមុខរបរសិស្សសាលា ជា សុីម ចំរើនរដ្ឋ នៅគីឡូលេខ១០ សង្កាត់ស្វាយប៉ាក ស្នាក់នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញជនរងគ្រោះជាជនជាតិចិនមួយក្រុមមានស្រីប្រុស បានជិះកង់បីឥណ្ឌាមួយគ្រឿងដោយធ្វេីដំណេីរតាមបណ្ដោយ៤៧ក្នុងទិសដៅពីជើងទៅត្បូងកំពង់ចុកទូរស័ព្ទ ខណ:មកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា BeAT ពណ៌ស លាយក្រហម ពាក់ស្លាកលេខភ្នំពេញ1HG.8528ដែលជិះតាមមកពីក្រោយ រួចក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងពីដៃជនរងគ្រោះ ដោយសារជនរងគ្រោះកាន់ជាប់ក៏ទាញមកវិញបណ្តាលឲ្យដួលម៉ូតូរបស់ជនសង្ស័យ ភ្លាមៗនោះជនសង្ស័យក៏បានរត់គេចខ្លួនចោលម៉ូតូចូលទៅក្នុងវត្តស្រះចកក៏ត្រូវបានប្រជាពលរដ្ឋដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ច។ចំណែកជនរងគ្រោះជាជនជាតិចិនបានជិះកង់បីចេញពីកន្លែងកើតហេតុទៅបាត់ដោយពុំបានដាក់ពាក្យបណ្ដឹងអ្វីនោះទេ ។
ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញចាត់ការបន្តតាមនីតិវិធីច្បាប់៕