ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទពីស្ត្រីម្នាក់បានសម្រេចតែគេចរួចត្រូវកម្លាំងសមត្ថកិច្ចខណ្ឌដង្កោដេញស្ទាក់ចាប់បាន
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោដេញស្ទាក់ចាប់បានជនសង្ស័យពីរនាក់ភ្លាមៗបន្ទាប់ពួកគេធ្វើសកមមភាពឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់បានសម្រេច កាលពីវេលាម៉ោង៣នឹង០០នាទីរសៀលថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៣ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ហើយព្យាយាម ជិះម៉ូតូ គេចចូលមកទឹកដីខណ្ឌដង្កោ ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំងពីរនាក់ខាងលើទី១៖មានឈ្មោះ ហេង ណាង ភេទប្រុស អាយុ១៧ឆ្នាំ និងទី២ ឈ្មោះ ម៉ន តារា ភេទប្រុស អាយុ២៣ឆ្នាំអ្នកទាំងពីរស្នាក់នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ ។ ចំណែកជនរងគ្រោះមានឈ្មោះ សុខ សុភ័ក្រ ភេទស្រី អាយុ ១៨ឆ្នាំ។ សមត្ថកិច្ចបន្ត ថា ដំបូងឡើយជនសង្ស័យទាំងពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ពណ៌ខ្មៅធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ៣ទិសដៅពីត្បូងទៅជើង ខណៈដល់ចំណុចកើតហេតុដោយឃើញឱកាសល្អពួកគេក៏បានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីស្ត្រីម្នាក់កំពុងជិះម៉ូតូបានសម្រេចហើយព្យាយាមជិះគេចខ្លួន ប៉ុន្តែពេលនោះជនរងគ្រោះបានដេញតាមហើយស្រែកថាចោរៗក៏ផ្អើលដល់សមត្ថកិច្ចខណ្ឌ ដង្កោកំពុងជិះម៉ូតូល្បាតឃើញក៏ដេញចាប់ រហូតដល់ជនសង្ស័យទាំងពីរនាក់ផ្តួលម៉ូតូចោលរត់ចូលវាល់ស្រែ ប៉ុន្តែទោះបីជាយ៉ាងណាកម្លាំងសមត្ថកិច្ចបានសហការជាមួយប្រជាពលរដ្ឋឡោមព័ទ្ធចាប់បានទាំងពីរនាក់យក មកកាន់ស្នាក់ការប៉ុស្តិរដ្ឋបាលពងទឹកដើម្បីធ្វើការសាកសួរ។
បន្ទាប់ពីរធ្វើការសាកសួររួច សមត្ថកិច្ចខណ្ឌ ដង្កោបានសម្រេចប្រគល់ជនសង្ស័យទាំងពីរនាក់នេះទៅអោយសមត្ថកិច្ចខណ្ឌពោធិសែនជ័យ ចាត់ការទៅតាមនីតិវធីច្បាប់ ព្រោះ ទីតាំងដែលជនសង្ស័យធ្វើសកម្មភាពឆក់ទូរសព្ទដៃគឺស្ថិតនៅក្នុងមូលដ្ឋានខណ្ឌពោធិសែនជ័យ៕