រថយន្តព្រូសបុករះម៉ូតូកង់បីឥណ្ឌានិងម៉ូតូសណ្ដោងរឺម៉កស្លាប់ស្ត្រីម្នាក់និងមនុស្ស៤នាក់ទៀតរងរបួស
ភ្នំពេញ ៖ រថយន្តព្រូសបើកលឿងដូចហោះមិនប្រុងប្រយត្ន័ជ្រុលទៅបុករះម៉ូតូសណ្ដោងរឺម៉កនិងម៉ូតូកង់បីឥណ្ឌាពេញទំហឹងបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់បាត់បង់ជីវិតនិងមនុស្ស៤នាក់ទៀតរងរបួសធ្ងន់និងស្រាល
-គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាត ឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹង មុនកើតហេតុគេឃើញ ម៉ូតូសណ្ដោងរឺម៉កមួយគ្រឿងនិងម៉ូតូកង់បីឥណ្ឌាបើកបរធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច ដោយមានអ្នករួមដំណើរជាមួយផង ខណៈមកដល់ចំនុចកើតហេតុស្រាប់តែ មានរថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AL-0427 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត (បញ្ច្រាស់គ្នា)ក្នុងល្បឿនលឿនដូចហោះ ហើយក៏រេចង្កូតជ្រុលទៅបុករះរុឺម៉កម៉ូតូនិងកង់បីឥណ្ឌា ចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យស្ត្រីម្នាក់ដែលជិះរុឺម៉កម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែង ព្រមទាំងមនុស្សប្រុសស្រី៤នាក់ទៀតរងរបួសធ្ងន់និងស្រាលត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យភ្លាមៗផងដែរ។ ភ្លាមៗអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល ។ ចំណែក រឺម៉កនិងម៉ូតូកង់បីឥណ្ឌាហើយរថយន្តបង្ករងការខូចខាតយ៉ាងដំណំ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ច មូលដ្ឋាននិងសមត្ថកិច្ច ជំនាញបានមកវាស់វែង យករថយន្តនិងរុឺម៉កម៉ូតូ និងកង់បីឥណ្ឌាទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវ គោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកសពស្ត្រីជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕