ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តបត់ឆ្លងផ្លូវដួលបោកបែកក្បាលស្លាប់ម្នាក់និង២នាក់ទៀតរបួសធ្ងន់
ភ្នំពេញ ៖ យុវជនម្នាក់បានបែកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែងគួរឲ្យរន្ធត់ និង២នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីពួកគេជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងឌុបគ្នាហើយបើកលឿនមិនប្រយត្ន័ជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងកំពុងតែបត់ឆ្លងផ្លូវពេញទំហឹង ៖ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី២២ខែឧសភាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនបីនាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1E-6698 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានជ្រុលទៅបុករថយន្តឡង់គ្រីស័រ ស៊េរីទំនើបពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AY-2737 កំពុងបត់ឆ្លងផ្លូវចំពីចហៀងខាងមុខពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់បោកក្បាលនិងរថយន្តស្លាប់ភ្លាមៗនៅនិងកន្លែង និងយុវជន២នាក់ទៀតរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យភ្លាមៗផងដែរ ។ ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ រួចទាក់ទងទៅជំនាញមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់នាពេលក្រោយ ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចទាក់ទងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕