តូចចិត្តសុំលុយបងស្រី២មុឺនរៀលមិនបានបុរសពោះម៉ាយម្នាក់សម្រេចចង.កសម្លាប់ខ្លួនឯងនៅលើដើមកាស្សាក្នុងវត្តស្លែង
ភ្នំពេញៈ បុរសម្នាក់បានសម្រេចផ្តាច់ជីវិតខ្លួនឯងដោយយកក្រណាត់អាវចង.កធ្វើអត្តឃាតស្លាប់បាត់បង់ជីវិតនៅលើដើមកាស្សាក្នុងមួយវត្តស្លែង បង្កអោយមានការភ្ញាក់ផ្អើលដល់ព្រះសង្ឃនឹងពុទ្ធបរិស័ទចម្រុះជើងវត្ត កាលពីវេលាម៉ោងជាង១២ ថ្ងៃត្រង់ ថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ ២០១៩ ស្ថិតនៅក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចមូលដ្ឋានដែលចុះដល់ទីតាំងកើតហេតុបានអោយដឹងថា សពបុរសដែលគិតខ្លីចង.ក សម្លាប់ខ្លួនមានឈ្មោះ ម៉ែន សំអន អាយុ៣៥ ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិកើតហេតុខាងលើ ។ ក្រោយពីសួរនាំបងប្អូនសាច់ញាតិសពបុរសនោះរួច សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលឈានដល់ការផ្តាច់ជីវិតខ្លួនឯងបែបនេះ ដោយសាររូបគេសុំលុយពីបងស្រីចំនួន២មឺុនរៀលដើម្បីយកទៅលោះទូរស័ទ្ទដែលដាក់បញ្ចាំកន្លងមក ប៉ុន្តែត្រូវបងស្រីបដិសេធមិនអោយ ទើបសម្រេចចិត្តមកចង.កសម្លាប់ខ្លួនតែម្តងទៅ នេះបើយោងតាមការរៀបរាប់របស់សាច់ញាតិសព។
សមត្ថកិច្ចបានបន្តថាមុនមានហេតុការណ៍ភ្ញាក់ផ្អើលឡើង គឺដំបូងឡើយព្រះសង្ឃក្នុងវត្តបានឆាន់ចង្ហាន់ត្រង់ ក្រោយពីឆាន់រួចព្រះសង្ឃបាននិមន្តទៅកាន់កុដិរៀងៗខ្លួន ខណៈនោះកូននេនមួយអង្គបានកាន់សៀវភៅនិមន្តទៅក្រោយវត្តក្បែរចេតីយ៍ ស្រាប់តែពេលនេះព្រអង្គក៏ប្រទះឃើញសពបុរសខាងលើចង.កជាប់នឹងដើមកាស្សា ដោយយកក្រណាត់អាវទៅចង ។ ភ្លាមៗនោះកូននេនក៏បាននិមន្តទៅប្រាប់ព្រះចៅអធិការវត្តហើយរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋានអោយចុះមកពិនិត្យ។
បន្ទាប់ទទួលបានសេចក្តីរាយការណ៍ភ្លាមសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចុះមកពិនិត្យលើកសពបុរសខាងលើ ហើយបញ្ជាក់ថាពិតជាស្លាប់ដោយសារចង.ក សម្លាប់ខ្លួនប្រាកដមែន ដូច្នេះសមត្ថកិច្ចបានសម្រេចធ្វើលិខិតស្នាមប្រគល់សពជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕