សង្ស័យស្រវឹងខ្លាំងបើករថយន្តកាមរីបាឡែនបុកគូទរថយន្តកុងតឺន័រ ឆ្លងចរន្តភ្លើងឆេះសន្ធោសន្ធៅនៅលើស្ពានច្បារអំពៅ
ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបើករថយន្តកាមរីបាឡែនមួយគ្រឿងលឿនដូចហោះមិនប្រុងប្រយត្ន័ជ្រុលទៅបុកគូទ រថយន្តកុងទីន័រពីក្រោយពេញទំហឹង បណ្ដាលឲ្យឆ្លងចរន្តភ្លើង ឆេះសន្ធោសន្ធៅ ហើយរថយន្តកុងតឺន័របើកបន្តទៅមុខបាត់។
ហេតុការណ៍គួរឲ្យរន្ធត់នេះបានបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅត្រង់ចំណុចលើស្ពានមុនីវង្សចាស់ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកាមរីបាឡែនពណ៌សពាក់ស្លាកលេខភ្នំពេញ2AM-0830បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រាធ្លាក់ភ្នែក ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿនឆ្ពោះឡើងស្ពានព្រះមុនីវង្សចាស់ ខណៈមកដល់ចំនុចកើតហេតុខាងលើបានជ្រុលទៅបុកគូទ រថយន្តកុងទីន័រមិនចាំស្លាកលេខពីក្រោយពេញទំហឹងបណ្ដាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខយ៉ាងដំណំចំណែករថយន្តកុងទីន័រមិនបានឈប់ទេក៏បើកបន្តដំណើរទៅមុខ បាត់តែម្ដង។
ភ្លាមៗនោះគេឃើញម្ចាស់រថយន្តចុះមកមើលរថយន្តរួចបានឡើងចូលក្នុងរថយន្តវិញដើម្បីបញ្ឆេះស្រាប់តែឆ្លងចរន្តភ្លើង ឆាបឆេះសន្ធោសន្ធៅតែម្ដង។ ឃើញដូចច្នោះម្ចាស់បានដើរចេញពីរថយន្តគេចខ្លួនបាត់ ទុកឲ្យរថយន្តឆេះ យ៉ាងសន្ធោសន្ធៅ និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវឈប់មើលព្រោងព្រាត។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកចំនុចកើតហេតុនិងបានទាក់ទងទៅកម្លាំងរថយន្តពន្លត់អគ្គីភ័យ ចេញមកមួយគ្រឿងអន្តរាគមន៍បាញ់បន្លត់ទើបរលត់ទាំងស្រុងនៅវាលាម៉ោង ១និង៣០នាទីយប់ថ្ងៃខែឆ្នាំដដែល។តែអ្វីគួរឲ្យស្ដោកស្ដាយនោះគឺ រថយន្តបានឆេះហ្មត់នៅតែគ្រោងឆ្អឹងតែប៉ុណ្ណោះតែសំណាងដែរមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតឬក៏រងរបួស នណាម្នាក់ឡើង ។ ក្រោយមករថយន្តដែលឆេះត្រូវបានសមត្ថកិច្ចស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការ រាជធានីភ្នំពេញ ៕