Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

លោកចៅសង្កាត់ចោមចៅ៣រវល់ពេកភ្លេចមើលផ្លូវខូច

ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ដែលរស់នៅ​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ បាន​រិះគន់​ទៅលើ​លោក​ចៅសង្កាត់​ចោមចៅ​៣ ថា​រវល់​ពេក​ភ្លេច​មើល​ទុក្ខវេទនារបស់ប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ឫប្រហែលជាឡានលោកចៅសង្កាត់ទំនើបពេកមិនដែលបើកលើផ្លូវមួយខ្សែនេះ បានជា​មើលរំលង​ផ្លូវ​បេតុង​មួយ​ខ្សែ​ប្រវែង​ជិត​២​គីឡូម៉ែត្រ ដែល​រង​ការខូចខាត​យ៉ាងខ្លាំង​ដោយសារ​រថយន្ត​ដឹកទំនិញ​ធុន​ធំ​ឆ្លងកាត់​។​
​បើតាម​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា ផ្លូវ​ដែល​រង​ការខូចខាត​ខាងលើ​ស្ថិត​នៅក្បែរ​សាលាសង្កាត់​ចោមចៅ​៣ តែម្តង គឺ​ផ្លូវ​ច្រកចូល​សាលារៀន​សុវណ្ណ​ភូមិ ចាប់ពី​ផ្លូវជាតិ​លេខ​៤ ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​៣ ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ រៀងរាល់ថ្ងៃ​ប្រជាពលរដ្ឋ​ពិបាកធ្វើ​ដំណើរ​ណាស់ ព្រោះ​កកស្ទះ​ចរាចរ មិនតែប៉ុណ្ណោះ​មាន​ភក់ជ្រាំ​នៅតាម​ដងផ្លូវពិបាកក្នុងការធ្វើដំណើរថ្មើរជើង និងយាន្តជំនិះ​។ ពួកគាត់​បន្តថា ផ្លូវ​នោះ​​តែងតែមាន​រថយន្ត​ធុន​ធំ​បើក​ឆ្លងកាត់​រាល់ថ្ងៃ និង​មាន​ជន​មួយក្រុម​ចាំ​យកលុយ​នៅ​ច្រកចូល​ពី​ផ្លូវជាតិ​លេខ​៣ទៀត​។​
​ប្រជាពលរដ្ឋ​សូម​សំណូមពរ​ដល់​អាជ្ញាធរ​ ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​ពិសេសលោកចៅសង្កាត់ចោមចៅ៣សូមជួយ​ពិនិត្យ​ជួសជុល និង​រៀបចំ​សណ្តាប់ធ្នាប់​នៅតាម​ដងផ្លូវ​អោយបាន​រៀបរយ​ដើម្បី​ងាយស្រួល​ក្នុងការ​ធ្វើដំណើរផង៕