ជិះម៉ូតូវ៉ាជែងប្រញាប់ទៅយកប្រពន្ធទាក់ដៃចង្កូតដួលត្រូវរថយន្ដកិនស្លាប់គួរឲ្យរន្ធត់
ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនវ៉ាជែងប្រញាប់ទៅយកប្រពន្ធចេញពីធ្វើការរោងចក្រតែអកុសលទាក់ដៃជាមួយនិងម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យដួលត្រូវរថយន្តរបស់ក្រុមហ៊ុន អ៊ីឈី តាន់ កិនស្លាប់យ៉ាងអាណោចអាធម៌
-គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង៥និង ៣០នាទីល្ងាចថ្ងៃទី ៣១ ខែឧសភាឆ្នាំ២០១៩នៅចំណុចស្ពានកំពុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រខណ្ឌដង្កោខណ្ឌ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ស៊ឹម ផានិត អាយុ២៧ ឆ្នាំស្នាក់នៅភូមិសេរីសម្បត្ដិ សង្កាត់ គង ណាយ ខណ្ឌដង្កោ ។
យោងតាមប្រភពព័ត៌មានពីក្រុមគ្រួសារបានអោយដឹងថាមុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿងម៉ាកwave iតាមបណ្ដោយ ផ្លូវជាតិលេខ៣ ទិសពីត្បូងទៅជើង គោលបំណងទៅ យកប្រពន្ធចេញពីធ្វើការរោងច្រកក្បែរកន្លែងកើតហេតុ ស្រាប់តែមកជួបគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ត្រូវរថយន្តកិនបណ្តាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិត គួរឲ្យអាណោចអាធម៌ ។
ប្រភពដដែលបានបន្ដទៀតថា ជនរងគ្រោះបានជិះម៉ូតូវ៉ាជែងជាមួយនឹងម៉ូតូផ្សេងទៀតមិនចាំម៉ាក បណ្ដាលឱ្យទាក់ដៃចង្កូតគ្នា ដួលក៏ត្រូវរថយន្តមកពីក្រោយស្របទិសគ្នាកិនស្លាប់ភ្លាមៗតែម្ដង ។
បន្ទាប់ពីកើតហេតុរថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើបានបើកគេចមកដល់ចំណុចស្ពាន ៧ មករា រួចចតចោល ហើយតៃកុងរថយន្ដបានចុះរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានអូសរថយន្តបង្កដាក់ទៅអែបកៀនកុំឱ្យមានការកកស្ទះ រួចបានធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញខណ្ឌដង្កោ ដើម្បីចុះមកធ្វើការវាស់វែង និងទាក់ទងសមត្ថកិច្ចជំនាញចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកអូសរថយន្ត និងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕