មន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅ២ប្រដេញតាមជនសង្ស័យ២នាក់ រហូតដួលម៉ូតូរងរបួសធ្ងន់ម្នាក់ស្រាលម្នាក់ ចំណែកជនសង្ស័យត្រូវបានឃាត់ខ្លួន
ភ្នំពេញ៖ ពិតជាគួរអោយកោដសរសើរណាស់មន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅ២ បានប្រដេញតាមជនសង្ស័យ រហូតដល់ប៉ះជាមួយម៉ូតូជនសង្ស័យដួលទាំងអស់គ្នា បណ្តាលអោយរបួសធ្ងន់ម្នាក់ស្រាលម្នាក់ នៅវេលាម៉ោង០១:១០នាទីរសៀល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិព្រទា ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពបានអោយដឹងថា មន្ត្រីនគរបាលដែលរងរបួសធ្ងន់មានឈ្មោះ ផូ សុភ័ណ្ឌ អាយុ២៨ឆ្នាំរហស្សនាម ពោធិ៍២៥x មានឋានន្តរសក្តិអនុសេនីយ៍ត្រី និងជាមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ ទូច សម្ផស្ស អាយុ១៨ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យម្នាក់ទៀតមានឈ្មោះ រ៉េត សុធារាជ អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំរោងចក្រសាន់ស្កាយ ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានបន្តអោយដឹងថា នៅមុនពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ខាងលើ រួមជាមួយនគរបាលប៉ុស្តិ៍ផ្សេងៗទៀតនិងកម្លាំងនគរបាលខណ្ឌផង បានដេញតាមជនសង្ស័យម្នាក់ដែលកំពុងជិះម៉ូតូម៉ាកហុងដាស្កូបពី១គ្រឿងចេញធ្វើសកម្មភាពឆក់កាបូបនិងខ្សែកនៅតាមផ្លូវ។ ដោយជននោះគឺជាមុខសញ្ញាដែលមានដីកាចាប់ខ្លួនស្រាប់ផង តែខណៈនោះដេញមិនទាន់ ជនខាងលើក៏បានគេចខ្លួនបាត់ ហើយស្របពេលនោះក៏ប្រទះឃើញជនសង្ស័យជន២នាក់ខាងលើ កំពុងជិះម៉ូតូហុងដាសង់ប៊ិច ១គ្រឿងគួរឲ្យសង្ស័យខ្លាំង កម្លាំងក៏បានដេញតាមឃាត់ត្រួតពិនិត្យ ប៉ុន្តែជនសង្ស័យមិនព្រមឈប់ និងបានបើកបុកបណ្ដាលឲ្យមន្រ្តីនគរបាលទាំង២នាក់ដួល ហើយបានរងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ ចំណែកជនសង្ស័យទាំង២នាក់ក៏ដួលម៉ូតូដែរនិងត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានភ្លាមៗដែរ។
បច្ចុប្បន្ន ជនសង្ស័យបាននាំទៅសាកសួរនៅផ្នែកព្រហ្មទណ្ឌនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្ត៕