បន្ទាប់ពីស្ងាត់មួយរយៈមកនៅខេត្តរតនគីរីពេលនេះល្បីកក្រើកទៀតលោក នី កាចាញសំរុកដឹកឈើចេញទៅលក់នៅវៀតណាតទៀតហើយ
ខេត្តរតនគិរី៖ ក្រោយពីលោកគឹមរស្មីអតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីត្រូវបានប្រមុខរាជរដ្ឋាភិបាលបញ្ឈប់តួនាទីពីមន្ត្រីកងរាជអាវុធហត្ថមក ឃើញថាខេត្តរតនគិរីបានស្ងប់ស្ងាត់ឈ្មួញរកស៊ីដឹកឈើខុសច្បាប់មួយរយៈតែមិនបានប៉ុន្មានខែផង ឥឡូវចាប់ផ្ដើមល្បីកក្រើកខេត្តរតនគិរីទៀតហើយមេឈ្មួញរកស៊ីឈើខុសច្បាប់ ឈ្មោះ នី កាចាញ បាននាំគ្រឿងចក្រ និនិងគៀងបងប្អូនប្រជាពលរដ្ឋឲ្យ ចូលទៅក្នុងតំបន់ ព្រៃសហគមន៍ពីរកន្លែង ស្ថិតនៅស្រុកអណ្ដូងមាស ខេត្តរតនគិរី ដើម្បីប្រមូលយកឈើទៅលក់ឲ្យឈ្មួញវៀតណាម។
ប្រភពពីប្រជាសហគមន៍ការពារព្រៃឈើ បានបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាពកាប់ឈើដោយខុសច្បាប់នេះ គឺស្ថិតនៅក្បែរភូមិបាដល ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ដោយប្រើរថយន្តបាកុងនិងអាឡង់កែច្នៃដឹកឈើហ៊ុបមូលទើបតែកាប់បានថ្មីៗស្រស់ៗ ពីដែនព្រៃសហគមន៍ ដោយមានឈ្មោះ ប៉ិច ជាអ្នកផ្ដល់លុយរាប់ម៉ឺនដុល្លារ ទៅឲ្យប្រធានសហគមន៍ ទាំងបំពានច្បាប់ ។
កន្លងមកមេខ្លោងឈ្មួញឈើដ៏ល្បី និងជាអតីតមេភូមិ ឈ្មោះ នីកាចាញ ក៏ធ្លាប់បានជួលកម្មករសម្រុកលួចកាប់ឈើយ៉ាងកក្រើក នៅក្បែរភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ រហូតដល់បង្គោល១៤ និង១៥ ក្នុងឃុំញ៉ាង ស្រុកអណ្តូងមាស ដោយអូសឈើហ៊ុប មូលតាមរថយន្តកែច្នៃ ចូលក្នុងទឹកទន្លេសេសាន រួចបណ្តែតជាក្បូន ឆ្លងដែនចូលទៅក្នុងទឹកដីវៀតណាម ដូចហែកឋិន ប៉ុន្តែគ្មានមន្ត្រី និងសមត្ថកិច្ចណាហ៊ានក្អកជាមួយមេឈ្មួញរូបនេះឡើយ។
ប្រភពដដែល បានបន្ថែមទៀតថា កន្លងមក ឈ្មួញឈើខុសច្បាប់ឈ្មោះ នីកាចាញ បានធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណីតជាទ្រង់ទ្រាយធំ ចេញពីស្រុកអូរជុំ ឆ្លងកាត់ទីរួមក្រុងបាលុង ឆ្ពោះទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ដោយដឹកតាមរថយន្តយីឌុបភ្លៅ៦ ប៉ុន្តែ ជាបន្តបន្ទាប់ទៀតរហូតសព្វថ្ងៃ ឈ្មួញរូបនេះ បានប្តូររូបភាពដឹកជញ្ជូនឈើប្រណីតដោយខុសច្បាប់តាមរថយន្តប្រភេទទេសចរណ៍វិញ ដើម្បីចូលទៅលក់ក្នុងទឹកដីវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ដោយមានការឃុបឃិតពីសមត្ថកិច្ច និងអាជ្ញាធរខេត្តរតនគិរី។
ប្រជាពលរដ្ឋ បាននិយាយថា ឯកឧត្តម ថងសាវុន អភិបាលនៃគណៈខេត្តរតនគិរី ហាក់បីដូចធ្វើមើលមិនឃើញឬក៏មានអ្វីមកបាំងភ្នែកបិទត្រចៀកលោកចៅហ្វាយខេត្តហើយបានជាបណ្ដែតបណ្ដោយអូយឈ្មោះមេឈ្មួញធ្វើសកម្មភាពកាប់បំផ្លាញនិងដឹកជញ្ជូនឈើខុសច្បាប់ក្នុងដែនរបស់ខ្លួនគ្រប់គ្រង ខណៈបទល្មើសកាប់ផ្តួលបំផ្លាញព្រៃឈើ និងដឹកជញ្ជូនឆ្លងដែនទៅប្រទេសវៀតណាម បានកក្រើកឡើងវិញ និងជាប្រភេទឈើហ៊ុបកាប់ថ្មីៗ ប្រើប្រាស់ឡានបាកុង ធ្វើជាមធ្យោបាយដ៏គគ្រឹកគ្រេងនៅស្រុកអណ្តូងមាស ខេត្តរតនគិរី ប្រព្រឹត្តដោយ ក្រុមឈ្មួញដុះស្លែរមុខដដែលៗ គ្មានការរាងចាល។
ប្រជាពលរដ្ឋ ចាំមើលថា តើ! លោក ថងសាវុន អភិបាលនៃគណៈ អភិបាលខេត្ត និង លោកថាវ យ៉េនមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីទើបឡើងថ្មីហ៊ានបង្ក្រាបមេឈ្មួញរកស៊ីឈើខុសច្បាប់ ឈ្មោះ នីកាចាញ ដែឫទេ…? ខណៈរូបគេបាននាំគ្រឿងចក្រ និងគៀងគរបក្ខពួក ដៃជើងរបស់ខ្លួន តាមជំនាញ មានអ្នកមើលព្រៃ អ្នកឆ្ការព្រៃ អ្នកអារផ្តួលរលំឈើ អ្នកអូសឈើ អ្នកដឹកឈើ អ្នកប្រមូលឈើ ចូលទៅក្នុងតំបន់ ព្រៃសហគមន៍ ស្ថិតនៅស្រុកអណ្ដូងមាស ខេត្តរតនគិរី ដើម្បីប្រមូលយកឈើដឹកជញ្ជូនឆ្លងដែនទៅលក់ឲ្យឈ្មួញវៀតណាមដែរឬទេ។
ពាក់ព័ន្ធ ព័ត៌មានខាងលើនេះ ដែរបងប្អូនប្រជាពលរដ្ឋដែលស្រលាញ់នូវធនធានធម្មជាតិសូមស្នើដល់ឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសសូមឯកឧត្តមប្រើនៅកណ្ដាប់ដៃដែកចុះបង្ក្រាបនូវការកាប់បំផ្លាញព្រៃឈើដែលជាសម្បត្តិធម្មជាតិក្នុងខេត្តរតនគិរីនេះផងទាន៕