Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

ថវិកាចំនួន៣៥ពាន់ដុល្លា របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបបានប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរដើមី្បយកមកជួយទ្រទ្រង់សុខភាពកុមារកម្ពុជា

ខេត្តសៀមរាប៖ ឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ និងស្ត្រីដែលកំពុងជួបនូវបញ្ហាសុខភាព នៅមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដែលបានកំពុងជួបវិបត្តិកង្វះខាតមូលនិធិ ដើម្បីដំណើរការជួយពិនិត្យព្យាបាលកុមារ និងស្រ្តីកម្ពុជា ដោយឥតគិតថ្លៃនោះត្រូវបានឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និង លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាសៀមរាប និងលោកជំទាវ រួមសហការី នាំយកទៅប្រគល់ជូនថវិកាចំនួន៣៥ពាន់ដុល្លា របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបដើមី្បយកមកជួយទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរ (ស្ថិតនៅក្រុងសៀមរាប) កាលពីចុងសប្តាហ៍នារសៀលថ្ងៃអាទិត្យទី ០៩ ខែ មិថុនា ឆ្នាំ២០១៩នេះ ។

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា នាយកមន្ទីរពេទ្យកុមារអង្គរ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ នៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប មានកុមារប្រមាណពី ៥០០នាក់ ទៅ៧០០នាក់ បានមកទទួលសេវាពិនិត្យ ព្យាបាល និង ថែទាំសុខភាព ចាប់ពីជម្ងឺស្រាល រហូតដល់ធ្ងន់ មកពីគ្រប់បណ្តាខេត្តនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ លោកបន្តទៀតថា មន្ទីរពេទ្យកុមារអង្គរ បានពឹងផ្អែកទាំងស្រុងលើមូលនិធិពីសប្បុរសជន ដៃគូសហការ និង សកម្មភាពរៃអង្គាសថវិកាពីសប្បុរសជនក្នុងនិងក្រៅប្រទេស ដើមី្បទ្រទ្រង់សេវាសុខភាពរបស់មន្ទីរពេទ្យ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ជូនផងដែរ អំពីបញ្ហាការផ្ទុះឡើងជម្ងឺគ្រុនឈាម ចាម់ពីខែ មេសា ដល់ខែឧសភា មានការកើនឡើង ដែលបានចូលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកុមារអង្គរ ។ ជាក់ស្តែងនេះជាលើកទី៤ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បាននាំមកនូវថវិកាមួយចំនួន ដើម្បីចូលរួមចំណែកសកម្មភាពសប្បុរសធម៌ ក្នុងការលើកកម្ពស់សុខមាលភាពកុមារកម្ពុជា ដែលជាទំពាំស្នងប្ញសី្សនៃអនាគតប្រទេសជាតិ ។

ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បានគូសបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសុខភាពកុមារ និង ស្ត្រីកម្ពុជា ដោយមិនបានប្រកាន់នូវនិន្នាការនយោបាយអ្វីឡើយ។ ឯកឧត្តមក៏បានលើកឡើងថា បញ្ហាសុខភាព គឺជាកត្តាចម្បងសម្រាប់មនុស្សយើងគ្រប់រូប ហើយកត្តាសំខាន់នោះលើការថែទាំសុខភាពកុមារកម្ពុជា ដែលជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ។ ដោយមើលឃើញនូវភាពកង្វះខាតរបស់មន្ទីរពេទ្យកុមារអង្គរនេះហើយ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានបរិចាកនូវថវិកាដែលទទួលបានពីស្មារតីនៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមលើកទី១៥៦ ក្រោមប្រធានបទ(ខ្ញុំ ស្រឡាញ់ កាកបាទក្រហមកម្ពុជា )ដើមី្ប យកមកទ្រទ្រង់ក្នុងការព្យាបាលនិងបានជួយសង្គ្រោះជីវិតកុមារកម្ពុជា មានជម្ងឺទាំងអស់ដោយឥតគិតថ្លៃ មកពីគ្រប់បណ្តាខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា មិនគិតអំពី វណ្ណៈ ពណ៌សម្បុរ ពូជសាសន៍អ្វីឡើយ ប្រកបដោយភាពមនុស្សធម៌ និង ភាពយុត្តិធម៌ទៀតផង ។

ឯកឧត្តម ក៏បានការថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកុមារអង្គរ ទាំងគ្រូពេទ្យជាតិ អន្តរជាតិ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យព្យាបាលជម្ងឺកុមារកម្ពុជា និង បងប្អូនជាស្ត្រី ដែលបានចូលមកពិនិត្យផ្ទៃពោះ និង សម្រាលកូន ប្រកបដោយសុវត្ថិភាពខ្ពស់ទៀតផង ។ ក្នុងនោះដែរឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ក៏បានធ្វើការអំពាវនាវដល់បងប្អូនសប្បុរសជននៅគ្រប់បណ្តាខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ដើមី្បចូលរួមជាថវិកា ក្នុងការទ្រទ្រង់ដល់សេវាព្យាបាល របស់មន្ទីរពេទ្យកុមារអង្គរ ដើមី្បរួមគ្នាទ្រទ្រង់សុខភាពកុមារកម្ពុជា ក្រោមទស្សនៈវិស័យផ្តល់ការព្យាបាល ថែទាំសុខភាពដល់កុមារកម្ពុជា ប្រកបដោយសេចក្តី មេត្តា ករុណា គុណភាពខ្ពស់ និង មិនគិតកម្រៃឡើយ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ និង ប្រតិភូ ក៏បានអញ្ជើញចុះសួរសុខទុក្ខ កុមារនិងឳពុកម្តាយដែលកំពុង ថែរក្សាកូនមានជម្ងឺ កំពុងសម្រាកនៅក្នុងមន្ទីរពេទ្យកុមារអង្គរផងដែរ ៕