Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចពិនិត្យឃើញមានសារធាតុញៀនក្នុងខ្លួនចំនួន៩៣នាក់ ក្នុងចំណោមមនុស្សទាំង ៤០៨នាក់ ក្រោយប្រតិបត្តិការបង្ក្រាបនៅក្លឹបកម្សាន្ដ លុច្សសារី

ភ្នំពេញ៖ ក្រោយបញ្ចប់ការសួរនាំ និងធ្វើតេស្ដរយៈពេល ២ថ្ងៃមកនេះ លទ្ធផលចុងក្រោយ សមត្ថកិច្ចបានរកឃើញមនុស្សដែលមានសារធាតុញៀនក្នុងខ្លួនចំនួន ៩៣នាក់ ក្នុងចំណោមមនុស្សទាំង ៤០៨នាក់ ដែលរងការចាប់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន នៅក្នុងក្លឹបកម្សាន្ដ «លុច្សសារី» នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីវេលាទាបភ្លឺ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន​ នៅព្រឹកថ្ងៃទី១០ ខែមិថុនានេះ ក៏បានបញ្ជាក់ផងដែរថា ក្នុងចំណោមមនុស្សទាំង ៤០៨នាក់ សមត្ថកិច្ចបានសម្រេចចាប់បញ្ជូនមនុស្ស ១៧នាក់ទៅកាន់តុលាការ ដែលពាក់ព័ន្ធការសម្រួលឲ្យមានការចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅក្នុងក្លឹប។ មនុស្សទាំង ១៧នាក់នេះ មានជនជាតិវៀតណាម ៥នាក់ផងដែរ។

យោងតាមរបាយការណ៍បានបន្ថែមថា ក្នុងចំណោមអ្នកមានសារធាតុញៀន៩៣នាក់ មានស្រី២៤នាក់ ក្នុងនោះ ជនជាតិបរទេស៣១នាក់ រួមមាន៖ ជនជាតិវៀតណាម១៤នាក់, ជនជាតិចិន១៤នាក់, ជនជាតិសឹង្ហបុរីម្នាក់ និងជនជាតិម៉ាឡេស៊ី ២នាក់ ដោយក្នុង៣១នាក់នេះ មានស្រី១៤នាក់។

មន្ដ្រីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមថា សម្រាប់អ្នកដែលរកឃើញសារធាតុញៀនក្នុងខ្លួនសម្រាប់ជនជាតិខ្មែរ ទាំង៦២នាក់ ត្រូវបានបញ្ជូនទៅកាន់ មជ្ឈមណ្ឌលឱកាសខ្ញុំ ដើម្បីធ្វើការបន្សាប់គ្រឿងញៀន ខណៈជនបរទេស៣១នាក់ នឹងសុំគោលការណ៍ពីអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ចាប់បញ្ជូនទៅប្រទេសកំណើតវិញ។

មន្ដ្រីនគរបាលរូបនេះ បានឲ្យដឹងទៀតថា សម្រាប់គ្រឿងញៀនវិញ សមត្ថកិច្ចរឹបអូសបានតែ ១៦២.៧ក្រាមប៉ុណ្ណោះ បូករួមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

កាលពីម្សិលមិញ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅពេលនេះ លោកកំពុងសុំដីកាពីតុលាការ ដើម្បីតាមចាប់ខ្លួនម្ចាស់ក្លឹបកម្សាន្ដ «លុច្សសារី» ដែលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបនៅយប់ឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីគ្រឿងញៀន ដោយឃាត់ខ្លួនបានមនុស្សជាង ៤០០នាក់។

គួរជម្រាបថា នៅវេលាម៉ោងប្រមាណ៤រំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងដឹកនាំកម្លាំងប្រតិបត្តិការដោយ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ បានបើកប្រតិបត្តិការទាំងកណ្តាលអាធ្រាត្រចុះឆែកឆេរក្លឹបកម្សាន្ត «លុច្សសារី» ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៤ កែងផ្លូវ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។រកឃើញថ្នាំញៀនមួយចំនួន និងឃាត់ខ្លួនអ្នកចូលលេងកម្សាន្តក្នុងក្លឹបជាង ៤០០នាក់។

ប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្ត «លុច្សសារី» បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានករណីបុរសម្នាក់ចូលទៅលេងក្នុងក្លឹបនេះ ហើយមានការផ្ទុះអាវុធបណ្តាលឱ្យនារីម្នាក់រងរបួសភ្លៅ៕