តុលាការឃុំខ្លួនជនសង្ស័យរំលោភសម្លាប់ក្មេងស្រីអាយុ៤ឆ្នាំដាក់គុកព្រៃស
ភ្នំពេញ៖ ជនសង្ស័យជនជាតិវៀតណាមដែលចាប់រំលោភ រួចសម្លាប់ក្មេងស្រីអាយុ៤ឆ្នាំនៅល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ត្រូវ លោក ថាន់ ឡេង ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឃុំខ្លួន ដាក់ ពន្ធនាគារព្រៃស ដើម្បីរង់ចាំការជុំនុំជម្រះតាមនីតិវិធី។ នេះបើតាមការបញ្ជាក់របស់លោក អ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់នៅល្ងាចថ្ងៃទី០៣ ខែមិថុនាឆ្នាំ២០១៨ ។
ជនសង្ស័យត្រូវបានលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «ឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈ» តាមមាត្រា២០៥ នៃក្រមព្រហ្មទណ្ឌ។ មាត្រា២០៥ បានចែងថា «ឃាតកម្មដែលកើត ក្នុងពេលឬក្រោយ ពេលប្រព្រឹត្តអំពើទារុណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត»។
គួររំលឹកថា កាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចជួរមាត់ទន្លេ ក្នុងភូមិក១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ ជនសង្ស័យដែលជាឃាតក ល្មោភកាម ឈ្មោះ ង្វៀង យ៉ាំងយី អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរពីមុនលក់ដំឡូងជៀន ត្រូវគេ សង្ស័យថាដោយសារឥទ្ធិពល នៃគ្រឿងញៀន ទើបបានចាប់ក្មេងស្រីអាយុ៤ឆ្នាំដើម្បីបង្ខាំង រំលោភ រួចសម្លាប់ចោល ហើយយកសពទៅញាត់ក្នុងពាងទឹក យ៉ាងព្រៃផ្សៃបំផុត បំណងបំបាត់ភស្តុតាង តែឈាមស្រែកស្បែកហៅ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនវាយខ្នោះ ខណៈពេលកំពុងព្យាយាមរត់ គេចខ្លួន។
ចំណែកជនរងគ្រោះ មានឈ្មោះ ស ច អាយុ៤ឆ្នាំរៀននៅ សាលាមត្តេយ្យ សង្កាត់ស្វាយប៉ាក មានឪពុកឈ្មោះ ថ ហ អាយុ៣២ឆ្នាំ មុខរបរកម្មករដឹកទឹកកក និងម្ដាយឈ្មោះ ម ច អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅក្បែរទីតាំងកើតហេតុ៕