បាត់មិនឃើញចេញពីបន្ទប់២ថ្ងៃសង្ស័យគាស់ទ្វារមើលឃើញដេកស្លាប់
ភ្នំពេញ៖ ស្ដ្រីម្នាក់ត្រូវបានប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ផ្ទះជួលជាន់ទី២ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅជិតខាង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង១១ និង២០នាទីព្រឹកថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ផ្ទះជាន់ទី២ តាមបណ្ដោយលេខ២៧នៅភូមិមានជ័យសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ពន្លក ចន្ថា អាយុ៣៤ឆ្នាំមុខរបរ លក់អ៊ីវ៉ានតាមអនឡាញស្នាក់បន្ទប់ជួល ភូមិមានជ័យ២សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ មានស្រុកកំណើតភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បើតាមប្រភពពីស្ដ្រីម្ចាស់ផ្ទះជួលបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមិនបានឃើញចេញពីក្នុងបន្ទប់ចំនួន២ថ្ងៃមកហើយ លុះដល់វេលាកើតហេតុខាងលើម្ចាស់ផ្ទះបានឡើងមកគោះទ្វាជាច្រើនដង ប៉ុន្ដែជនរងគ្រោះមិនបានឆ្លើយតបទេ បន្ទាប់មកម្ចាស់ផ្ទះបានបិតឌីសង់ទ័រ ដើម្បីឲ្យជនរងគ្រោះបើកភ្លើង និង កង្ហាល នៅតែមិនឃើញជនរងគ្រោះចេញពីបន្ទប់ទៀត ទើបម្ចាស់ផ្ទះសម្រេចចិត្ដហៅបងប្អូនជនរងគ្រោះ និងជាងសោរមកកាត់ទ្វារចូលទៅមើលនៅខាងក្នុងក៏ប្រទះឃើញសាកសពជនរងគ្រោះដេកស្លាប់បាត់ទៅហើយ ។
បើតាមសាក្សីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមានវិបត្ដិគ្រួសារដោយសារ ជនរងគ្រោះបានលែងលះគ្នាជាមួយប្ដី ទើបធ្វើឲ្យជនរងគ្រោះផឹកស្រារាល់ថ្ងៃរហូតមកដល់ថ្ងៃកើតហេតុក៏ប្រទះឃើញដេកស្លាប់ក្នុងបន្ទប់តែម្ដង ។
ក្រោយពេលប្រទះឃើញជនរងគ្រោះដេកស្លាប់ក្នុងបន្ទប់ម្ចាស់ផ្ទះបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះទៅកន្លែងកើតហេតុ រួចទាក់ទងជំនាញកោសល្យវិច្ឆ័យ ដើម្បីចុះមកពិនិត្យលើ សាកសពជនរងគ្រោះ រួចបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ ខ្យល់គ ។ ហើយសមត្ថកិច្ចក៏បានធ្វើកំណត់ហេតុប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ៕