រថយន្តដឹកខ្សាច់ចុះចំណោតដាច់ហ្វ្រាំងក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឲ្យស្លាប់តៃកុងរថយន្តក្រោមគំនរដី
ខេត្តកោះកុង៖ រថយន្តដឹកដីមួយគ្រឿងដាច់ហ្វាំងខណៈពេលដែលកំពុងចុះចំណោត បណ្តាលអោយរថយន្តក្រឡាប់ចាក់ដីចោលសង្កត់លើអ្នកបើកបរស្លាប់ក្រោមគំនរដី ចំណែកអ្នករួមដំណើរជាមួយរងរបួសធ្ងន់។ ហេតុការណ៍រន្ធត់នេះកើតឡើងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង០២:០៥នាទីរសៀល នៅលើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦១-៦២ នៅចំណុចអន្ទង់អាំងធំ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុមានរថយន្តដឹក១គ្រឿងម៉ាក (Hyundai) ពណ៌ខៀវ គ្មានស្លាកលេខ ដឹកខ្សាច់ ក្នុងទិសដៅពីស្រុកស្រែអំបិល មកទីរួមខេត្តកោះកុង នៅពេលធ្វេីដំណេីរ មកដល់ចំណុចកេីតហេតុខាងលេី ពេលចុះចំណោត ដាច់ហ្វ្រាំង បានក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង បណ្តាលអោយស្លាប់ ១នាក់ និងរបួសធ្ងន់ ១នាក់។
ចំណែកសមត្ថកិច្ចបានអោយដឹងថា អ្នកបើកបររថយន្តមានឈ្មោះ ជួប ណារិទ្ធ ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានស្លាប់កប់ក្នុងដី និងថ្ម នៅពីខាងមុខរថយន្ត ចំណែកឯអ្នករួមដំណេីរ ១នាក់ទៀត រងរបួសធ្ងន់ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ។
បច្ចុប្បន្ន សាកសពជនរងគ្រោះ កម្លាំងជំនាញបានប្រគល់ជូនភរិយាសព យកទៅធ្វើបុណ្យតាមប្រពៃណី។