កុំចេះតែហ៊ាន!! ជនសង្ស័យម្នាក់ឆក់ទូរស័ព្ទពីបុរសម្នាក់កំពុងសែលហ្វីបានសម្រេចតែត្រូវពលរដ្ឋចាប់បានវាយទ្រោមខ្លួនរួចប្រគល់ឲ្យសមត្ថកិច្ច
ភ្នំពេញ៖ ជនសង្ស័យម្នាក់ឃើញគេកំពុងឈរ កាន់ទូរសព្ទ័សែលហ្វីបានធ្វើសកម្មភាពឆក់បានសម្រេច តែត្រូវប្រជាពលរដ្ឋជួយដេញចាប់បាននិងស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច ៖ ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវព្រះសុីសុវត្តិ កែងនិងផ្លូវ១០៨ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលត្រូវឃាត់ខ្លួនមានឈ្មោះ មឿន ពុធសារ៉ាន់ ភេទប្រុស អាយុ២២ឆ្នាំ មុនរបបមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិតាម៉ៅកណ្ដាល ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។ រីឯជនរងគ្រោះ មានឈ្មោះ ជាង នី អាយុ៣១ឆ្នាំ មុនរបបជាងឡាន ស្នាក់នៅម្ដុំស្ទុបទេពផន ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក និងមានស្រុកកំណើតនៅឯស្រុកស្ទោង ខេត្តកំពង់ធំ ។
បើតាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានឈរចាំឡានជិះ ដោយបានយកទូរស័ព្ទសែលហ្វីផងដែរ ខណៈដែលកំពុងសែលហ្វីនោះក៏លេចមុខជនសង្ស័យខាងលើបានដើរមកក្បែរ រួចធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់គាត់បានសម្រេចតែម្ដង ភ្លាមៗជនរងគ្រោះក៏បានស្រែកថា ចោរៗ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរជួយដេញចាប់បាន រួចស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចយកទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលវត្តភ្នំដើម្បីសួរនាំ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីបញ្ចូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចាត់ការបន្តតាមនីតិវិធី ដោយមានជនរងគ្រោះដាក់ពាក្យបណ្ដឹងផងដែរ៕