Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

«ចំប៉ីខ្មៅ» ត្រូវតុលាការ ផ្តន្ទាទោសដាក់ពន្ធ​នាគារ ២ឆ្នាំនិងពិន័យ៣លានរៀលរឿងជេរប្រមាថពូជសាសន៍ខ្មែរ

ភ្នំពេញ)៖ ដូចការគ្រោងទុក នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ម៉ៅ ស៊ីណា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម សំណុំរឿង «ចំប៉ីខ្មៅ» ប្រមាថពូជសាសន៍ខ្មែរ។

សាលក្រមរបស់តុលាការ បានសម្រេចផ្តន្ទាទោស ជនជាប់ចោទឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ​ ដាក់ពន្ធនាគារកំណត់រយៈពេល២ឆ្នាំ ដោយអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ១ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៣លានរៀល ចូលជាថវិការដ្ឋ ពីបទ ញុះញង់ឲ្យមានការរើសអើង យោងតាមមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ បានប្រាប់អ្នកសារព័ត៌មាននៅព្រឹកនេះថា«ខ្ញុំទទួលយក សាលក្រមរបស់តុលាការ។ ខ្ញុំអត់ប្តឹងឧទ្ធរណ៍ទេ»។

នៅក្នុងសវនាការកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ជនជាប់ចោទឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ បានទទួលស្គាល់កំហុស និងបានសុំទោសប្រជាពលរដ្ឋខ្មែរចំពោះការ​ប្រើប្រាស់ពាក្យមិនសមរម្យនាពេលកន្លង​មក។

គួររម្លឹកថា សមត្ថកិច្ចបានឃាត់ខ្លួនជនជាប់ចោទឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ នៅ​ក្នុងខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី០៥ ខែ​កុម្ភៈ ឆ្នាំ២០១៩ ក្រោយពីជនជាប់ចោទ រូប​នេះបង្ហោះវីដេអូ ជេរប្រមាថពូជសាសន៍ខ្មែរ ព្រោះតែខឹងយុវជនមួយក្រុមជិះម៉ូតូទៅខោកក្បាល។

បន្ទាប់ពីសមត្ថកិច្ចបញ្ជូនទៅតុលាការ ជនជាប់​ចោទឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ ត្រូវតុលាការសម្រេចឃុំខ្លួនកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩៕