សិក្ខាសាលា បើកដំណើរការអនុវត្ត និងពិគ្រោះយោបល់”គម្រោងគំនិតផ្ដួចផ្ដើមហិរញ្ញប្បទានជីវៈចម្រុះ”
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្ដម ទិន ពន្លក អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា បើកដំណើរការអនុវត្ត និងពិគ្រោះយោបល់«គម្រោងគំនិតផ្ដួចផ្ដើមហិរញ្ញប្បទានជីវៈចម្រុះ (BIOFIN)» ដោយមានការអញ្ជើញចូលរួមពីតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) តំណាងក្រសួង ស្ថាប័ន វិស័យឯកជន អង្គការពាក់ព័ន្ធ និងនិស្សិតដែលមានសមាជិកចូលរួមសរុបប្រមាណ១៥០នាក់។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖ ១. ផ្សព្វផ្សាយអំពីគម្រោង BIOFIN ដល់អ្នកទទួលផល និងអ្នកពាក់ព័ន្ធនានា ២. ណែនាំអំពីវិធីសាស្ត្រវាយតម្លៃរបស់គម្រោង BIOFIN ទៅដល់អ្នកពាក់ព័ន្ធ និង ៣.ពិភាក្សា និង ពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធសំខាន់ៗ ដើម្បីរៀបចំផែនការសកម្មភាព និងកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្តគម្រោងនាពេលខាងមុខ។
មានប្រសាសន៍បើកសិក្ខាសាលា ឯកឧត្ដម ទិន ពន្លក អគ្គលេខាធិការនៃក.ជ.អ.ច. បានលើកឡើងពីភាពសំបូរបែបនៃធនធានធម្មជាតិ និងធនធានជីវៈចម្រុះ ក្នុងប្រទេសកម្ពុជា ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ និងជួយទ្រទ្រង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ឯកឧត្ដមមានប្រសាសន៍បន្តទៀតថា ក្រោមកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅក្នុងវិស័យបរិស្ថាន បានធ្វើឱ្យផ្ទៃដីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះបានកើនឡើងប្រមាណ៤១% នៃផ្ទៃដីប្រទេស ដែលមានតម្លៃមិនអាចកាត់ថ្លៃបានក្នុងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះនិងតំបន់ទេសភាពឱ្យមាននិរន្តរភាព សំដៅជំរុញការទាញយកចំណូលនាពេលអនាគត តាមរយៈការបង្កើនព្រៃស្តុកកាបូន និងការបង្កើតយន្តការនិរន្តរភាពហិរញ្ញវត្ថុសម្រាប់ជាតិ។
ឯកឧត្ដមមានប្រសាសន៍បន្តទៀតថា ជាធម្មតាការចំណាយលើការគ្រប់គ្រងធនធានធម្មជាតិតែងតែមានចំនួនច្រើនជាងធនធានដែលយើងមាន ដូច្នេះការអនុវត្តយន្តការគំនិតផ្ដួចផ្ដើមហិរញ្ញប្បទានជីវៈចម្រុះ (BIOFIN) នឹងអាចស្វែងរកវិធីសាស្ត្រដើម្បីបំពេញកង្វះខាតថវិកា និងផែនការអនុវត្តមានប្រសិទ្ធិភាពក្នុងការគ្រប់គ្រងធនធានធម្មជាតិទាំងនោះ។
ក្នុងឱកាសនោះដែរ ឯកឧត្ដមអគ្គលេខាធិការក៏បានមានប្រសាសន៍លើកឡើងពីគំនិតផ្ដួចផ្ដើមថ្មីមួយរបស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន ដែលមាននាយកដ្ឋានជីវៈចម្រុះជាសេនាធិការ ក្នុងការរៀបចំបង្កើតមជ្ឈមណ្ឌលអភិរក្សកេសរកូលព្រៃ នៅជើងភ្នំគូលែន ខេត្តសៀមរាប។ គំនិតផ្តួចផ្តើមនេះមិនត្រឹមតែអាចជួយអភិរក្សប្រភេទកេសរកូលព្រៃរបស់កម្ពុជាដែលកំពុងរងការគំរាមកំហែងប៉ុណ្ណោះទេ ថែមទាំងអាចក្លាយជាប្រភពចំណូលជួយគាំទ្រដល់ការអភិរក្សធនធានធម្មជាតិក្នុងតំបន់ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនមូលដ្ឋានតាមរយៈការកែច្នៃផ្នែកខ្លះនៃកេសរកូលជាវត្ថុអនុស្សាវរីយ៍ និងលក់ផលិតផលក្នុងស្រុកជូនភ្ញៀវទេសចរ។ល។
សូមជម្រាបផងដែរថា គំនិតផ្ដួចផ្ដើមហិរញ្ញប្បទានជីវៈចម្រុះ គឺជាគំនិតផ្ដួចផ្ដើមមួយក្នុងការឆ្លើយតបនៅនឹងតម្រូវការជាបន្ទាន់របស់ពិភពលោកដើម្បីទាក់ទាញថវិកាពីប្រភពនានាសំដៅអនុវត្តសម្រេចឱ្យបាននូវគោលដៅជីវៈចម្រុះជាតិ និងសកល។
ព្រះរាជាណាចក្រកម្ពុជា ក្រោមការគាំទ្រហិរញ្ញប្បទានពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ស្ថិតក្នុងចំណោមប្រទេសចំនួន៣៥ ដែលអនុវត្តគំនិតផ្ដួចផ្ដើមនេះ ដោយនឹងអនុវត្តសកម្មភាពមួយចំនួនក្នុងរយៈពេល៥ឆ្នាំ ដោយចាប់ផ្ដើមពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២៕