ទុក្ខជាន់លើទុក្ខ! ជិះម៉ូតូឌុបគ្នាបើកលឿនមិនប្រយត្ន័ជ្រុលបុកបង្កាន់ដៃស្ពានស្លាប់ម្នាក់និង២នាក់របួសធ្ងន់ ហើយត្រូវជនឆ្លៀតឱកាសលួចយកម៉ូតូទៅបាត់ថែមទៀត
ភ្នំពេញ៖ យុវជន៣នាក់ចេញពីក្លឹបហ្លូឡាញ ជិះម៉ូតូឌុបគ្នាសង្ស័យស្រាខ្លាំងបើកម៉ូតូលឿនមិនប្រយត្ន័ក៏បានជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ បណ្ដាលឲ្យស្លាប់ម្នាក់ និង២នាក់ទៀតរងរបួសធ្ងន់ ៖ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីទៀបភ្លឺថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ នៅត្រង់ចំណុចលើស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ផា ចាន់ភឿក ភេទប្រុស អាយុ២១ឆ្នាំ មុខរបបជាងឡាន ស្នាក់នៅម្ដុំស្ទុបទេពផន ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក និងមានស្រុកកំណើតភូមិត្រកៀត ឃុំចំប៊ុី ស្រុកបាទី ខេត្តតាកែវ ។ រីឯជនរងគ្រោះ២នាក់ទៀតដែលរបួសធ្ងន់ នៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ត្រូវបានរថយន្តសាមុយដឹកទៅសង្ក្រោះនៅមន្ទីពេទ្យ
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញជនរងគ្រោះមានគ្នា៣នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HR-3577 បានឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ខណៈឡើងមកលើស្ពានត្រង់ចំណុចកើតហេតុដែលជាកន្លែងផ្លូវកោង ស្រាប់តែជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ បណ្ដាលឲ្យអ្នកឌុបបោកក្បាលនិងថ្នល់ហូរឈាមស្រោចខ្លួនស្លាប់ភ្លាមៗនៅនិងកន្លែង ឯអ្នកជិះក្រោយ២នាក់ទៀតរងរបួសធ្ងន់ ។
-ប្រភពដដែលបានបន្តថា អ្វីដែលគួរឲ្យហួសចិត្តនោះ គ្រាដែលជនរងគ្រោះទាំង៣នាក់កំពុងដេកដួលស្លាប់និងបួស ស្រាប់តែមានជនឆ្លៀតឱកាសមកលួចយកម៉ូតូរបស់ពួកគេទៅបាត់ថែមទៀត បន្ទាប់មកក៏មានរថយន្តសង្គ្រោះបន្ទាន់ចេញមកដល់ដឹកជនរងគ្រោះ២នាក់ដែលរងរបួសធ្ងន់ដើម្បីជួយសង្គ្រោះ។
ក្រោយកើតហេតុ ក៏មានមិត្តភ័ក្ត្ររបស់ជនរងគ្រោះមកដល់ ហើយប្រាប់ថា ពួកគេទើបតែបែកគ្នាចេញពីក្លឹបប្លូឡាញ ស្រាប់តែជួបគ្រោះអកុសលបែបនេះតែម្ដង។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន ព្រមទាំងមន្ត្រីជំនាញចរាចរណ៍ខណ្ឌមានជ័យ បានមកធ្វើកំណត់ហេតុប្រគល់សពឲ្យទៅសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯម៉ូតូជនរងគ្រោះសមត្ថកិច្ចនិងស្រាវជ្រាវតាមរកចាប់ជនឆ្លៀតឱកាស យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕