Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

កម្ពុជា-ចិន ចុះកិច្ចសន្យាសាងសង់ឃ្លាំងស្តុក និងឡសម្ងួត ដើម្បីជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករទៅក្រៅប្រទេស

ភ្នំពេញ៖ ដើម្បីជួយដល់ប្រជាកសិករ ធុរជន និងក្រុមហ៊ុនចេញអង្ករ ព្រមទាំងគាំទ្រយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលលើការជំរុញនាំចេញអង្ករឱ្យបានយ៉ាងតិច ១លានតោន ក្នុងមួយឆ្នាំ ក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមហ៊ុនហ្គ្រីនត្រេដ ជាសេនាធិការ បានចុះកិច្ចសន្យាពាណិជ្ជកម្ម ស្តីពីគម្រោងជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករ នៅក្រោមក្របខ័ណ្ឌឥណទានសម្បទាន ផ្តល់ដោយសាធារណរដ្ឋប្រជាមានិតចិន។

ពិធីចុះកិច្ចសន្យា បានធ្វើឡើងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីព្រឹកថ្ងៃ២០ ខែមិថុនា ឆ្នាំ២០១៩ រវាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Chen Xiaojia ប្រធានក្រុមហ៊ុន CITIC Construction Co., Ltd ប្រទេសចិន ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នៅក្រោមកិច្ចសន្យាពាណិជ្ជកម្មនេះ ក្រុមហ៊ុន CITIC Construction Co., Ltd និងក្រុមហ៊ុនហ្គ្រីនត្រេដ នឹងសហការសាងសង់ឃ្លាំងចំនួន ១២កន្លែង ដែលមានសមត្ថភាពស្តុកស្តុកស្រូវ-អង្ករសរុប ៨២៧ពាន់តោន និងឡសម្ងួតចំនួន ១០កន្លែង ដែលមានសមត្ថភាពសម្ងួតស្រូវបាន ១៣ពាន់តោន ក្នុងមួយថ្ងៃ នៅក្នុងខេត្ត ពោធិ៍សាត់ បាត់ដំបង តាកែវ បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង កណ្តាល កំពង់ស្ពឺ និងខេត្តព្រះសីហនុ ។

តាមរយៈការសាងសង់ឃ្លាំងស្ដុក និងឡសម្ងួតស្រូវ នៅតាមទីតាំងយុទ្ធសាស្ត្រទាំងអស់នេះ និងការដាក់ឲ្យអនុវត្តប្រតិបត្តិការដែលមានកិច្ចនាធា (ការយកស្រូវអង្ករស្ដុកក្នុងឃ្លាំង ធ្វើជាវត្ថុបញ្ចាំសម្រាប់ខ្ចីប្រាក់ពីធនាគារឯកជន) នឹងជួយទប់ស្កាត់សកម្មភាពទិញ/លក់បង្ខូចថ្លៃស្រូវរបស់ឈ្មួញទុច្ចរិត ផ្តល់ឱ្យប្រជាកសិករអាចរក្សាទុកស្រូវបានយូរ ដើម្បីលក់តាមតម្លៃសមរម្យ ក៏ដូចជាលទ្ធភាពទទួលបានឥណទាន នៅពេលត្រូវការចាំបាច់។

សូមជម្រាបដែរថា គម្រោងជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករនេះ មិនមានសេវាកិនស្រូវទេ ដើម្បីបង្ការកុំឱ្យមានការប្រកួតប្រជែង ជាមួយរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក។ នៅពេលដំណើរការ ប្រជាកសិករ និងរោងម៉ាស៊ីនកិនស្រូវ នឹងមានឡសម្ងួត ឃ្លាំងស្តុក និងទុនបង្វិលបន្ថែម ដើម្បីជួយបន្ថយចំណាយ (ថ្លៃដើម) ចាប់ពីដំណាក់កាលប្រមូលផលដល់ដំណាក់កាលលក់អង្ករ៕