ប្រើល្បិចដដែលៗ នៅតែមានអ្នកចាញ់ល្បិចក្រុមទម្លាក់យោង អស់គ្រឿងអលង្ការលុយនិងទូរស័ព្ទ បានមកវិញសុទ្ធតែគ្រឿកាឡៃ
ភ្នំពេញ៖ ស្ត្រីជាជនរងគ្រោះម្នាក់ត្រូវបានក្រុមជំនាញទម្លាក់យោង ប្រើល្បិចជ្រុះកញ្ចប់មាសអោយជនរងគ្រោះឃើញ ហើយបោកនាងនាំយកទៅដោះយកគ្រឿងអលង្ការពិត លុយនិងទូរស័ព្ទអស់ពីខ្លួនរលីង ខណៈពេលដឹងខ្លួនថាបាញ់បោកគេ ក្រុមជនសង្ស័យរត់គេចខ្លួនបាត់ទៅអស់ ហេតុនេះផ្អើលដល់គេឯងកាលពីវេលាម៉ោង០៨:៤៥នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នាំពីភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ទៅដោះយកទ្រព្យសម្បត្តិនៅក្នុងបុរីសែនមនោរម្យ ស្ថិតក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះមានឈ្មោះ ហួន មួយ ហៅ អាមួយ អាយុ២៧ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ រីឯសម្ភារៈដែលបាត់បង់មាន ខ្សែកមាសទំនង់២ជី ក្រវិលទំងន់៣ហ៊ុន លុយ១០ម៉ឺនរៀល និង ទូរស័ព្ទដៃម៉ាកOPPO មួយគ្រឿង ។
តាមសម្តីស្ត្រីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ កាលពីវេលាម៉ោង០៦និង៥០នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនានេះ ខណៈដែលដើរចេញពីផ្ទះជួលក្នុងគោលបំណង់ឆ្ពោះទៅធ្វើការរោងចក្រ ស្រាប់តែជួបមនុស្សប្រុសម្នាក់ ពាក់កណ្តាលផ្លូវ ដើរមកសួរនាង និងរៀបរាប់ មានគេជ្រុះបាត់ថង់ក្រហមមួយ មានគ្រឿងអលង្ការ គ្រាន់តែឆ្លើយតបវិញថា មិនបានឃើញ មិនបានដឹង ស្រាប់តែលេចមុខស្ត្រីម្នាក់ទៀត ជាជនសង្ស័យដែរ ដើរមកដល់ ប្រាប់ថាកុំមាត់ មានស្ត្រីម្នាក់ផ្សេងទៀតរើសបាន ហើយបង្ហើបមាត់ថង់ឲ្យមើលឃើញលោហៈក្រហមច្រាល ហើយជនសង្ស័យនិយាយថា៖ មិនថ្វីទេរងចាំចែកគ្នាយើង អ្នកដែលដឹងរឿង ហើយបញ្ចុះបញ្ចូលឌុបនាង និងមានជនសង្ស័យ៤នាក់ ប្រុស២នាក់ ស្រី២នាក់ ជិះម៉ូតូឌុបនាំនាងដល់មុខផ្សារជម្ពូវ័នហើយប្រាប់ថា មនុស្សច្រើនខ្លាចគេដឹង រួចឌុបបន្ត រហូតចូលដល់ក្នុងបុរីសែមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ហើយបើកមាត់ថង់ឲ្យមើលម្តងទៀត រួចហុចថង់ក្រហមមួយឲ្យកាន់ទុក ចាប់ដោះយកគ្រឿងអលង្ការ យកលុយកាក់ និងទូរស័ព្ទ អស់ពីខ្លួន ក្រុមជនសង្ស័យប្រាប់ថា នៅមួយចំណែកទៀត យកទៅលក់ ដូរចែកគ្នា បន្តទៀត ហើយឲ្យនាងរងគ្រោះ ឈររងចាំ ពួកជនសង្ស័យ គេចខ្លួនម្តងមួយៗ បាត់អស់ រហូតដល់វេលាម៉ោង០៨និង៤៥នាទីព្រឹក ថ្ងៃដដែល ចាំមិនឃើញវិលវិញ ដាច់ចិត្ត លាមាត់ថង់មើល ឃើញខ្សែកមួយខ្សែ ក្រហមច្រាល កាន់សួរគេ ដឹងថាក្រឡៃ ទើបក្តុកក្តួល ដឹងថាចាញ់ល្បិច ជនសង្ស័យហើយ វិលត្រឡប់ទៅផ្ទះ ជួលវិញ ទាំងអស់រលីងពីខ្លួន ។
ក្រោយពីចាញ់ល្បិចក្រុមទម្លាក់យោងហើយ ស្ត្រីរងគ្រោះ ត្រូវបានមេភូមិ ទៅសាកសួរនាំ ហើយប្រាប់ឲ្យទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ៣ ៕