សារធាតុញៀនជាច្រើនប្រភេទទំងន់ជាង២តោន ត្រូវដុតកំទេចចោលនៅកោះពេជ្រនាព្រឹកនេះ
ភ្នំពេញ៖ មហាជនតែងតែចោទសំនួរថា តើគ្រឿងញៀនចាប់បានយកទៅណា? ពេលនេះដឹងហើយ គឺគេត្រូវមានពេលមានវេលាក្នុងការកំទេច ជាក់ស្តែងនៅព្រឹកនេះ គ្រឿងញៀនជាច្រើនប្រភេទទំងន់ជាង២តោន ត្រូវដុតកំទេចចោលនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ក្នុងទិវាប្រឆាំងគ្រឿងញៀនអន្តរជាតិ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ។
ទិវាប្រឆាំងគ្រឿងញៀនអន្តរជាតិ ដែលរៀបចំធ្វើឡើងក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃប្រទេសកម្ពុជា។
គ្រឿងញៀនជាង២តោន ដែលត្រូវដុតបំផ្លាញចោលនោះ រួមមាន៖ ហេរ៉ូអ៊ីន, មេតំហ្វេតាមីន, អំហ្វេតាមីន, អុចស្តាស៊ី, កេតាមីន, នីមេតាហ្សីប៉ាម, ពីរ៉ូវ៉ាឡេរ៉ូន (ថ្នាំគ្រាប់), ពីរ៉ូវ៉ាឡេរ៉ូន (ម្សៅម៉ដ្ឋ)។
លោក មាស វីរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្លាប់ប្រាប់មកអង្គភាពសារព័ត៌មានក្នុងស្រុកថា ជារៀងរាល់ឆ្នាំអង្គការសហប្រជាជាតិ (អ.ស.ប) បានកំណត់យកថ្ងៃទី២៦ ខែមិថុនា ជាថ្ងៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយតម្រូវអោយប្រទេសជាសមាជិក រៀបចំទិវានេះ ទៅតាមប្រធានបទរៀងៗខ្លួន ស្របតាមបរិបទនៃការគំរាមកំហែង ដោយបញ្ហាគ្រឿងញៀន។
សូមបញ្ជាក់ថា នៅរយៈពេល២ឆ្នាំចុងក្រោយនេះ ពោលគឺនៅឆ្នាំ២០១៧ និង២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានដុតកម្ទេចចោលគ្រឿងញៀន និងកញ្ឆាជាង៦០០គីឡូក្រាម៕