ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ប្រកាសដាក់ឱ្យប្រើប្រាស់ “យុទ្ធសាស្ត្រ និងផែនការសកម្មភាពបរិស្ថានជាតិ (NESAP) ២០១៦-២០២៣”
ភ្នំពេញ៖ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានរៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “យុទ្ធសាស្ត្រ និងផែនការសកម្មភាពបរិស្ថាន ជាតិ (NESAP) ២០១៦-២០២៣” ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ ក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ជាច្រើននាក់។
ឯកឧត្តម សៅ សុភាព បានលើកឡើងថា យុទ្ធសាស្ត្រ និងផែនការសកម្មភាពបរិស្ថាន ជាតិ (NESAP) ២០១៦-២០២៣ (យ.ផ.ប.ជ.) ត្រូវបានរៀបចំឡើងដោយក្រុមការងារអន្តរក្រសួង ស្ថាប័នចំនួន១៦ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៥៩ និងច្បាប់ស្តីពីការការពារបរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិ ហើយឯកសារនេះត្រូវបាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា យុទ្ធសាស្ត្រ និងផែនការសកម្មភាពបរិស្ថានជាតិ គឺ ផែនទីបង្ហាញផ្លូវមួយ ដ៏មានសារ សំខាន់សម្រាប់ជួយដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល គ្រឹះស្ថានអប់រំ និង វិស័យឯកជន ដើម្បីរៀបចំគោលនយោបាយយុទ្ធសាស្ត្រ ផែនការសកម្មភាព និងកម្មវិធីវិនិយោគទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់ខ្លួន សំដៅធានាការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ របស់យើងប្រកបដោយចីរភាពនៅកម្ពុជា។
យុទ្ធសាស្ត្រ និងផែនការសកម្មភាពបរិស្ថានជាតិ មិន មែនជាឯកសាររបស់ក្រសួងបរិស្ថាន ឬ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពម្នាក់ឯងនោះទេ តែជាឯកសារជាតិ និងអ្នកពាក់ព័ន្ធទាំងអស់គ្នាពីព្រោះ បញ្ហាបរិស្ថានគឺបញ្ហាដែលមានចរឹតជាអន្តរវិស័យ។