ណេតយីហោCH Netមានច្បាប់អនុញ្ញាតឲ្យបើកសេវាអ៊ីនធើណេតវិស័យព័ត៌មានបែជាលួចបង្កប់ល្បែងហ្គេមបាញ់ត្រី ល្បីថាមានខ្នងធំត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាប
ភ្នំពេញ៖ កម្លាំងអាជ្ញាធរខណ្ឌពោធិសែនជ័យ អនុវត្ថវិធានការក្ដៅ របស់ លោក អភិបាលរាជធានីភ្នំពេញ ដោយចុះបង្ក្រាបទីតាំងណេត បង្កប់ល្បែងសុីសង ហ្គេមបាញ់ត្រីមួយកន្លែង ស្ថិតនៅទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។
ការចុះបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃ២៨ ខែមិថុនាឆ្នាំ២០១៩ ដឹកនាំកម្លាំងដោយលោកប៉ាង លីដា អភិបាលរងខណ្ឌ ពោធិសែនជ័យ ។
អាជ្ញាធរបានឲ្យដឹងថា បន្ទាប់ពីធ្វើការស្រាវជ្រាវរកឃើញថា ទីតាំងនេះមានបង្កប់ល្បែងហ្គេមបាញ់ត្រីកម្លាំងអាជ្ញាធរក៏បានចុះបង្ក្រាបតែម្ដង ក្នុងនោះ កម្លាំងបានរឹបអូសយកសម្ភារ នៅក្នុងទីតាំងនោះទាំងអស់ ចំណែកម្ចាស់មិនត្រូវបានចាប់ខ្លួននោះទេព្រោះអត់ស្ថិតនៅក្នុងទីតាំងនោះ ។
អាជ្ញាធរ បានឲ្យដឹងទៀតថា ម្ចាស់ទីតាំងល្បែងខុសច្បាប់មួយនេះ ឈ្មោះ ហ៊ុន គឹមជាតិ ភេទប្រុស អាយុ៣៩ឆ្នាំ ហើយពេលកម្លាំងទៅដល់មិនបានឃើញម្ចាស់រូបនេះ ស្ថិតនៅក្នុងទីតាំងនោះឡើយ គឺនៅតែអ្នកមើលការខុសត្រូវ ម្នាក់ឈ្មោះ ព្រំ ណារាជ្យ ប៉ុណ្ណោះ។ បន្ទាប់មកកម្លាំងដកហូតបានវត្ថុតាងទាំងអស់ នៅក្នុងនោះរួមមាន កុំព្យូទ័រចំនួន២៧គ្រឿង កៅអីចំនួន២៩ និងដៃហ្គេមបាញ់ត្រីចំនួន៧គ្រឿង នាំយកទៅរក្សាទុកនៅសាលាខណ្ឌ ពោធិ៍សែនជ័យ រង់ចាំកោះហៅម្ចាស់ឲ្យចូលខ្លួនទៅសាកសួរ។
ប្រភពដដែលបានបន្តថា ទីតាំងខាងលើមានច្បាប់អនុញ្ញាតពីសាលារាជធានីភ្នំពេញដើម្បី បើកដំណើរការសេវាអ៊ីនធើណេតវិស័យព័ត៌មាន ប៉ុន្តែមិនបានអនុវត្តតាមការអនុញ្ញាតខាងលើទេ បែរជាដំណើរការល្បែង ហ្គេមបាញ់ត្រីទៅវិញ។ បន្ទាប់ពីមានការសង្ស័យ កម្លាំងបានធ្វើការស្រាវជ្រាវរហូតបានដឹងច្បាស់ ទើបនៅវេលាយប់ថ្ងៃទី២៨ ខែមិថុនា កម្លាំងសាលាខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអភិបាលរងខណ្ឌប៉ាង លីដា ចុះទៅធ្វើការបង្រ្កាបតែម្ដង៕