អគ្គីភ័យឆេះផ្ទះស្តុបខោអាវជជុះនិងផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង
ភ្នំពេញ ៖ ឆេះស្តុបខោអាវ ជជុះ រាលដាលឆេះ ផ្ទះបងប្អូនប្រជាពលរដ្ឋជាច្រើនខ្នងជាបន្តបន្ទាប់ យ៉ាងសន្ធោសន្ធៅ ដែលនៅជាប់និងសាលារៀន ទួនហ្វា តាមបណ្ដោយផ្លូវលេខ១៧៣ស្ថិតនៅ ក្នុងសង្កាត់ អូឡាំពិក ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ ។
ហេតុការណ៍អគ្គីភ័យនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៥០នាទីយប់ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ រហូតមកម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី២ខែកក្ដដា នៅមិនទាន់រលត់នៅឡើយទេ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានលឺសម្លេងផ្ទុះ(ដូចជាផ្ទុះហ្គាស់)មួយសន្ទុះក្រោយ មក ស្រាប់តែឃើញមានអណ្ដាតភ្លើងចេញពីក្នុងផ្ទះប្រជាពលរដ្ឋដែលស្តុបខោអាវ ជជុះ យ៉ាងខ្លាំង និងរាលដាលដល់ផ្ទះពួកគាត់ជាប់ៗគ្នាជាបន្តបន្ទាប់យ៉ាងសន្ធោសន្ធៅតែម្ដង ។
ក្នុងហេតុការណ៍អគ្គីភ័យនេះ កម្លាំងសមត្ថកិច្ចនិងជំនាញផ្នែកអន្តរាគមន៍ពន្លត់អគ្គីភ័យ មានការពិបាកក្នុងការជួយពន្លត់ យ៉ាងខ្លាំង ព្រោះទីតាំងកើតហេតុ មានចន្លះតូចចង្អៀត និងផ្ទះកើតហេតុ ងាយស្រួលក្នុងឆាបឆេះផងដែរ ទើបភ្លើងកាន់តែឆេះខ្លាំងឡើងៗ រហូតអស់ផ្ទះប្រជាពលរដ្ឋជាខ្នងបែបនេះ ក៏ប៉ុន្តែ ក្នុងករណីអគ្គីភ័យនេះ ពុំមានអ្នករងរបួសអ្វីនោះឡើយ ។
ករណីនេះ សមត្ថកិច្ច សន្ឋិដ្ឋានជំហ៊ានដំបូងថា បណ្ដាលមកពីឆ្លង ចរន្តអគ្គិសនី និងបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៥០គ្រឿង ហើយឆេះផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នង ខណៈមកដល់វេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី២កក្កដានេះ អគ្គីភ័យនៅមិនទាន់រលត់នោះទេ ៕