ឯកឧត្តមអភិបាលខេត្តកែប អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០១៩ ក្រោមប្រធានបទ”សុខភាពដើម្បីយុត្តិធម៌ យុត្តិធម៌ដើម្បីសុខភាព”
ខេត្តកែប៖ នៅព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងខេត្តកែបបានចូលជាអធិបតីភាព ក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០១៩ ក្រោមប្រធានបទ”សុខភាពដើម្បីយុត្តិធម៌ យុត្តិធម៌ដើម្បីសុខភាព” ដែលមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំខេត្ត ប្រធាន អនុប្រធាន មន្រ្តីរាជការមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រីថ្នាក់ដឹកនាំក្រុងស្រុក និងឃុំសង្កាត់ យុវជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យ៉ាងច្រើនកុះករ ។
ឯកឧត្តម កែន សត្ថា បានបញ្ជាក់ថា ការរៀបចំទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ គឺដើម្បីជាត្រីវិស័យ ក្នុងការឆ្លើយតបឲ្យបានសមស្រប ទៅតាមស្ថានភាពជាក់ស្តែងនៃបញ្ហា ក៍ដូចជាដើម្បីបញ្ញាក់ស្មារតី និង ដាក់តឿនក្រើនរំឮក ដល់ជនគ្រប់រូបឲ្យយកចិត្តទុកដាក់ និងចូលរួមកាន់តែសកម្មថែមទៀត ក្នុងការបង្ការទប់ស្កាត់ និងដោះស្រាយបញ្ហា ដែលមានការពាក់ព័ន្ធនិងគ្រឿងញៀន ជាក់ស្តែងការប្រារព្ធទិវាអន្តរជាតិដ៏មានអត្ថន័យនេះ និងការការដាក់ចេញនូវយុទ្ធនាការប្រុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បន្តបន្ទាប់ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីឆន្ទៈដ៏មោះមុត និងប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការខិតខំប្រឹងប្រែងយ៉ាងប្តូរផ្តាច់ ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាប និងដោះស្រាយឲ្យបានរាល់បទល្មើស និងបញ្ហាដែលពាក់ព័ន្ធនឹងគ្រឿងញៀន ។
ឯកឧត្តមក៏បានបញ្ជាក់បន្ថែមទៀតថា គ្រឿងញៀនអាចបង្កឱ្យមានភាពអនាធិបតេយ្យក្នុងសង្គម ដូចជាចោរកម្ម ឧក្រិដ្ឋកម្ម ក្រុមក្មេង អន្ធពាល បងធំបងតូច ការជួញដូរមនុស្ស ការបាត់បង់ធនធានមនុស្ស ការបាត់បង់កំណើនសេដ្ឋកិច្ចជាតិ នាំឱ្យសង្គមគ្មានការអភិវឌ្ឍជាដើម។ បញ្ហាគ្រឿងញៀននេះ ជាបញ្ហាមួយសង្គមមានការស្អប់ខ្ពើមបំផុត និងជាសកម្មភាពខុសច្បាប់។ ចំពោះអ្នកប្រើប្រាស់នឹងមានបញ្ហា ប៉ះពាល់ដល់សុខភាព ធ្វើឲ្យខូចខាតសេដ្ឋកិច្ចគ្រួសារ និងធ្វើឲ្យខូចកិត្តិយសគ្រួសារ និងប៉ះពាល់ដល់ការអភិវឌ្ឍន៍សង្គមជាតិ។
ក្នុងនាមយើងជាយុវជន យុវនារី យុវសិស្ស យុវនិស្សិត យុវចាស់ និងជាមនុស្សខ្មែរទូទាំងប្រទេស ជាពេសេសខេត្តកែប ដែលទទួលបានការអប់រំ និងបានឈ្វេងយល់ពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ត្រូវបន្តផ្សព្វផ្សាយពីគុណវិបត្តិនៃគ្រឿងញៀន ដល់ក្មេងៗជំនាន់ឱ្យបានទូលំទូលាយ និងជាគំរូ ភាព ដល់ក្មេងៗជំនាន់ក្រោយ កុំឲ្យប្រើប្រាស់គ្រឿងញៀនជាដាច់ខាត។