កម្លាំងចម្រុះបានចុះត្រួតពិនិត្យទំនិញទីតាំងលក់ និងចែកចាយទំនិញគ្រប់ប្រភេទនៅឃ្លាំងដែលមានស្លាកយីហោ ឆាង សឹង ឋិតនៅភូមិបាលិលេយ្យ២
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានចូលរួមសហការជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គបផក)នៃក្រសួងមហាផ្ទៃ ដែលដឹកនាំដោយឧត្តមសេនីយ៍ត្រី កាន វឌ្ឍនា អនុប្រធានលេខាធិការដ្ឋាន (គបផក) និងមានការសម្របសម្រួលដោយលោក តេង សាម៉ៃ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យទំនិញទីតាំងលក់ និងចែកចាយទំនិញគ្រប់ប្រភេទនៅឃ្លាំងដែលមានស្លាកយីហោ ឆាង សឹង ឋិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ម្ចាស់ឃ្លាំងខាងលើជាជនជាតិចិនឈ្មោះថា Ma Qi Heng ភេទប្រុស។
ក្រោយពីត្រួតពិនិត្យ សមត្ថកិច្ចដែលជាមន្ត្រីនគរបាលយុត្តិធម៌បានរកឃើញផលិតផលមិនអនុលោមទៅតាមផ្លូវច្បាប់ចំនួន១៩ប្រភេទមានដូចជា គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ ផលិតផលគ្រឿងសម្អាង ស្រា បារី និងថ្នាំជំនួយផ្លូវភេទ។ បន្ទាប់ពីធ្វើការត្រួតពិនិត្យយ៉ាងល្អិតល្អន់ និងសាកសួរចម្លើយពីម្ចាស់ឃ្លាំង ព្រមទាំងផ្អែកលើស្ថានទម្ងន់ផ្លូវច្បាប់ គណៈកម្មការចម្រុះកំណត់នូវទោសកំហុសដូចជា៖
១ គ្មានច្បាប់ធ្វើអាជីវកម្ម
២ នាំចូលឱសថជំនួយផ្លូវភេទ បុរស នារី
៣ ផលិតផលនាំចូលគ្មានប្រភពច្បាស់លាស់
៤ គ្មានចុះលេខទិដ្ឋាការនៅលើផលិតផលថ្នាំពេទ្យ(គ្មានលេខប្រតិវេទន៍)
៥ គ្មានវិញ្ញាបនបត្របញ្ជាក់គុណភាព។
ព្រះរាជអាជ្ញារងអមសាលាដំបូងបានបញ្ជាឲ្យគណៈកម្មការចម្រុះសម្រេច៖
– រក្សាទុកផលិតផលទាំងអស់នៅទីតាំងខាងលើដដែលជាបណ្តោះអាសន្នរហូតដល់គណៈកម្មការធ្វើកោសល្លវិច័យសារធាតុគីមីរួច និងឲ្យម្ចាស់ទីតាំងបំពេញឯកសារដែលនៅខ្វះខាត និងរង់ចាំសេចក្តីសម្រេចជាថ្មី។
– ផ្អាកអាជីវកម្មខាងលើជាបណ្តោះអាសន្នរង់ចាំការសម្រេចជាថ្មី
– ដកហូតផលិតផលមួយចំនួនសម្រាប់ធ្វើវិភាគសំណាក៕