Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ព្រោះតែក្រគ្មានលុយទុកកូនឈឺជាង១០ថ្ងៃ ទើបសម្រេចចិត្តខ្ចីលុយគេដឹកកូនពីខេត្តមក​ភ្នំពេញដើម្បីព្យាបាល តែគួរឲ្យសង្វេក​មក​ដល់ពេទ្យកូនដាច់ខ្យល់ស្លាប់

ភ្នំពេញ៖ ស្ត្រីម្នាក់ព្រោះតែជីវភាពក្រីក្រពេក គ្មានលទ្ធភាពមើលជម្ងឺកូនស្រី ទុកឲ្យកូនឈឺ​រហូតជាង១០ថ្ងៃ ទើបសម្រេចខ្ចីលុយអ្នកជិតខាងបញ្ចូនកូនមកភ្នំពេញដើម្បីព្យាបាល តែ​គួរ​ឲ្យសង្វេកកូនបានស្លាប់បាត់បង់ជីវិត​ពេលបញ្ចូនមកដល់មន្ទីពេទ្យ​ រួចបន្តដឹកសពកូនមកផ្ទះជួលបងប្អូននៅក្បែរទី​លានចាក់​សម្រាមចាស់ ស្ថិតក្នុងភូមិដំណាក់ធំ២សង្កាត់​ស្ទឹងមានជ័យ២ខណ្ឌមានជ័យ ៖​ ហេតុការណ៍​ គួរឲ្យអាសូរនេះបានកើតឡើងកាលពីវេលា​ម៉ោង៦ល្ងាច ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ។

-សពកុមារីរងគ្រោះមានឈ្មោះ សឿង ហៃ អាយុ១១ឆ្នាំ (ជាសិស្ស) ចំណែកម្ដាយមានឈ្មោះ អ៊ុត ម៉ៅ អាយុ៣៨ឆ្នាំ មុខរបបនៅផ្ទះជាមួយម្ដាយបង្កើត ដោយមានកូននៅក្នុង​បន្ទុក៤នាក់ រស់នៅក្នុងភូមិត្រពាំងឥដ្ឋ ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

-បើយោងតាមការរៀបរាប់របស់ស្ត្រីជាម្ដាយកុមារីរងគ្រោះបានឲ្យដឹងថា រូបគាត់មានកូន​ស្រី៤នាក់ក្នុងបន្ទុក និងមានប្ដីជាកម្មករកាប់ដី (មួយថ្ងៃបានកម្រៃ15000៛) ហើយជីវភាព​មានការលំបាកណាស់។ ចំពោះកូនស្រីដែល​បានស្លាប់នោះ គឺនាងបានឈឺអស់រយៈ​ពេល​១២ថ្ងៃមកហើយ តែមិនដឹងថាមានជម្ងឺអ្វីនោះទេ ដោយចេះតែពន្យាពេលមិនបានទៅមន្ទីពេទ្យព្យាបាល រហូតនៅថ្ងៃកើតហេតុស្ត្រីជាម្ដាយឃើញស្ថានភាពមិនស្រួលក៏​សម្រេច​ចិត្តខ្ចីលុយអ្នកជិតខាងដឹកកូនមកភ្នំពេញ រួចបញ្ចូនមកមន្ទីពេទ្យរុស្សុី ខណៈ​មក​ដល់មន្ទីពេទ្យ ក្រុមគ្រូពេទ្យបានប្រាប់ថា កូន​របស់គាត់មានជម្ងឺគ្រុនឈាម និងបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបគាត់មាន​ការ​សោកស្ដាយកូនស្រីជាខ្លាំង ដោយសារ​មាន​ការខ្វះខាតទើបសម្រេចចិត្តដឹកសពកូនមកផ្ទះជួលបងប្អូននៅក្បែរទីលានចាក់សម្រាមចាស់នៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមាន​ជ័យ ដើម្បីសុំឲ្យបងប្អូនជួយ និងអំពាវនាវរក​សប្បុរសធម៌ ដើម្បីបានកម្រៃខ្លះដឹកសពកូន​ស្រី យកទៅធ្វើបុណ្យនៅឯស្រុកកំណើត ។

-ដោយមើលឃើញការលំបាករបស់ស្ត្រីខាងលើ និងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អ្នកសារព័ត៌មាន នោះក៏មានសប្បុរសជនមួយចំនួនបានផ្ដល់ជាទឹកប្រាក់និងខ្លះចេញថ្លៃឡានដឹក​សព​ ឲ្យដល់ស្រុកកំណើតធ្វើបុណ្យ​ដើម្បីសម្រួលការលំ​បាកដល់រូបគាត់ផងដែរ ៕សូមបងប្អូនមេត្តាប្រុងប្រយត្ន័ជំងឺគ្រុនឈាម