Monday, November 25, 2024
Latest:
ព័ត៌មាន​ជាតិ

កិច្ចប្រជុំបិទបញ្ចប់ឱសានវាទ នៃការអនុវត្តអនុក្រឹត្យ ស្ដីពីការលុបចោល និងការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់នៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃចន្ទ១៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃ១៥ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នឹងជាប្រធានគណៈកម្មការជំរឿន និងគ្រប់គ្រងជនបរទេសខេត្ត និងឯកឧត្ដម នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គ-នាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបិទបញ្ចប់ឱសានវាទ នៃការអនុវត្តអនុក្រឹត្យ ស្ដីពីការលុបចោល និងការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់នៅខេត្តស្វាយរៀង។

អញ្ចើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្តមអភិបាលរងខេត្ត លោកឧត្ដមសេនីយ៍ស្នងការ លោក លោកស្រីឧត្ដមសេនីយ៍ វរសេនីយ៍ស្នងការរងនគរបាលខេត្ត លោកអភិបាលក្រុង ស្រុក អធិការនគរបាល លោក លោកស្រី នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល មេឃុំ ចៅសង្កាត់ និងកងកម្លាំងសរុបវត្តមានចំនួន ២៦៣នាក់។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា ដើម្បីចូលរួមចំណែកនៅក្នុងការអនុវត្តកិច្ចការសំខាន់ៗចំពោះមុខ ស្របតាមគោលការណ៍ ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃពាក់ព័ន្ធនឹងការគ្រប់គ្រងជនបរទេស លោក លោកស្រីជាមន្ត្រីជំនាញ មន្ត្រីអនុវត្តច្បាប់ សមត្ថកិច្ច និងអាជ្ញាធរដែនដីពាក់ព័ន្ធទាំងអស់នូវកិច្ចការ សំខាន់ៗ មួយចំនួនដូចខាងក្រោម ៖
១. អាជ្ញាធរមូលដ្ឋាន និងមន្ត្រីមានសមត្ថកិច្ចត្រូវចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់ស្របតាមច្បាប់និងលិខិតបទដ្ឋាន គតិយុត្តនានាជាធរមាន។
២. ត្រូវចូលរួមសម្របសម្រួល និងសហការឲ្យបានជិតស្និទ្ធប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាមួយមន្រ្តីជំនាញអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តឲ្យបានជោគជ័យនូវប្រកាសស្ដីពីការបញ្ចប់ការទទួលពាក្យស្នើសុំជាជនបរទេសអន្តោប្រវេសន៍ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ និងសេចក្ដីណែនាំស្ដីពីការចេញ លិខិតរដ្ឋបាល និងលិខិតអត្រានុកូលដ្ឋានឲ្យសហព័ទ្ធជាខ្មែរ កូន និងជនបរទេសអន្តោប្រវេសន៍ ។
៣. រដ្ឋបាលក្រុង ស្រុក ត្រូវចាត់តាំងឲ្យមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវលិខិតបទដ្ឋានគតិយុត្ត ទាំងពីរខាងលើដល់គ្រប់មុខសញ្ញាពាក់ព័ន្ធនឹងជនបរទេសអន្តោប្រវេសន៍ដែលមានការចាំបាច់ត្រូវមកទទួលនូវសេវាតម្រូវការទាំងនេះ និងតាមដាន ពង្រឹងការអនុវត្តឲ្យបានត្រឹមត្រូវស្របតាមការណែនាំ ។
៤. ត្រូវចូលរួមសហការអនុវត្តឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ពាក់ព័ន្ធនឹងការគ្រប់គ្រងជនបរទេស ជាពិសេសប្រកាសស្ដីពីបែបបទ នីតិវិធីការពិនិត្យ ការចុះបញ្ជីទទួលស្គាល់ជនបរទេសអន្តោប្រវេសន៍ក្នុងព្រះរាជាណាចក្រកម្ពុជា។
៥. ត្រូវបន្តពង្រឹង និងជំរុញការអនុវត្តច្បាប់ស្ដីពីអន្តោប្រវេសន៍ឲ្យបានជាប់ជាប្រចាំ តាមរយៈការចុះត្រួតពិនិត្យ និងធ្វើអធិការកិច្ចនៅតាមគ្រឹះស្ថាន សិប្បកម្ម មូលដ្ឋានអាជីវកម្មនានា ការចុះធ្វើរដ្ឋបាលនៅតាមមូលដ្ឋាន និងត្រូវធ្វើការផាកពិន័យឲ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ចំពោះជនបរទេសដែលល្មើសច្បាប់ស្ដីពីអន្តោប្រវេសន៍ និងច្បាប់ស្ដីពីការងារ ។
៦. អាជ្ញាធរ និងសមត្ថកិច្ចដែលឈរជើងនៅតាមតំបន់ព្រំដែន ត្រូវយកចិត្តទុកដាក់គ្រប់គ្រងការចេញចូលស្នាក់នៅរបស់ជនបរទេសឲ្យបានច្បាស់លាស់។

ជាចុងបញ្ចប់គណៈអធិបតីក៏បានផ្តល់កិត្តិយសចែកមួកសុវត្ថិភាពដល់អ្នកចូលរួមក្នុងកិច្ចប្រជុំនាព្រឹកនេះផងដែរ៕