ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងទិវាមច្ឆជាតិ០១កក្កដា
ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងទិវាមច្ឆជាតិ ០១ កក្កដា ២០១៩នេះ នៅបរិវេណមាត់ទន្លេវ៉ៃគោ ក្រុងស្វាយរៀង ដែលសហការរៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអង្គការសន្តិសេនា និងមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធាន មន្ទីរ-អង្គភាពនានា លោកអភិបាលក្រុងស្វាយរៀង យុវជន ស.ស.យ.ក.ខេត្ត យុវជនកាកបាទក្រហមខេត្ត លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត សរុបវត្តមានចំនួន ៤៥០នាក់ ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានសំណូមពរដល់ប្អូនប្រជាពលរដ្ឋនូវ កុំ បីយ៉ាង គឺ កុំទី១ កុំប្រើប្រាស់ឧបករណ៍ខុសច្បាប់ក្នុងការនេសាទ ដូចជាឧបករណ៍ឆក់ និងស្បៃមុង កុំទី២ កុំចាប់ត្រីក្នុងរដូវហាមឃាត់ គឺរដូវត្រីពង និងកុំទី៣ កុំយកបឹង ព្រែក ប្រើប្រាស់ខុសទិសដៅ ដូចជាចាក់លុបដី និងសាងសង់សំណង់ផ្សេងៗ ដែលមិនត្រឹមតែជាទង្វើខុសច្បាប់ ប៉ុន្តែនឹងធ្វើឲ្យប៉ះពាល់ដល់ជម្រកត្រី និងប្រព័ន្ធជីវចម្រុះ ។
ទន្ទឹមនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធ ចូលរួមឲ្យបានកាន់តែសកម្មថែមទៀតក្នុងចលនាព្រលែងកូនត្រីឲ្យបានគ្រប់ទីកន្លែងនៅមូលដ្ឋាន ឲ្យក្លាយជាប្រពៃណីព្រលែងកូនត្រី ដើម្បីបង្កើនផលត្រីឲ្យបានកាន់តែច្រើនសម្រាប់បម្រើឲ្យសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ។ ដើម្បីផ្សារភ្ជាប់នឹងឱកាសទិវាមច្ឆជាតិនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្ដល់កិត្តិយសព្រលែងកូនត្រីឆ្ពិនចំនួន ១០០.០០០ក្បាល ទៅក្នុងអាងទន្លេវ៉ៃគោផងដែរ ។