នាយរងប៉ុស្តិ៍នគរបាលខ្វាវត្រូវរថយន្តក្រុមហ៊ុន តេលា ហ្គាស បុកហើយថយកិនស្លាប់យ៉ាងអាណោចអធម៌
ភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថាជានាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្វាវបានស្លាប់ភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តធន់ធំ កាលពីវេលាម៉ោង៧ និង១០នាទីយប់ទី១៩ខែកក្កដាឆ្នាំ២០១៩ នៅត្រង់ចំណុចខាងជើងអង្គភាពង៧០ ចំងាយប្រហែល២គីឡូដី តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ យឹង សុិន ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្ត្រីនគរបាល(នាយរងប៉ុស្តិ៍ឃុំខ្វាវ)រស់នៅភូមិកន្សោមក្លែង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ ។
-យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនដំបូងគេឃើញបុរសម្នាក់ជិះម៉ូតូ ម៉ាកSUZUKIរីវ៉ូ ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល1-5071 បើកតាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីជើងទៅត្បូងខណៈមកដល់កន្លែងកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្ត ម៉ាកហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3E-0345 របស់ក្រុមហ៊ុន តេលា ហ្គាស បើកដោយបុរសម្នាក់ ស្របទិសគ្នាមកពីក្រោយបុកពេញទំហឹងបណ្តាលឲ្យជនរងគ្រោះខាងលើស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
-បើយោងតាមសម្តីប្អូនប្រុសដែលបានឃើញហេតុការណ៏បានប្រាប់ថា រថយន្តបង្កបានបុកហើយថយមកកិនបន្ថែមបណ្តាលឲ្យម៉ូតូនិងមនុស្សខ្ទិចមើលលែងយល់។ ហើយក៏បើករថយន្តទៅមុខតៃកុងក៏លោតចុះរត់គេចខ្លួនបាត់ស្រមោល រថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុករថយន្តកុងតឺន័រដែលចតចោលទៅមុខលែងរួច។
ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយក៏ទាក់ទង់ទៅសមត្ថកិច្ចចរាចរណ៏មកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោក ស្នងការនគរបាលរាជធានីភ្នំពេញ។ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យទៅសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕