ឆក់ទូរសព្ទ័បានសម្រេច តែរត់មិនរួចត្រូវម្ចាស់ដេញទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច
ភ្នំពេញ៖ ជនសង្ស័យ២នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់ទូរសព្ទ័ពីបុរសម្នាក់បានសម្រេច នៅចំណុចក្បែរវិហារចិនទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា រួចព្យាយាមជិះគេច តែត្រូវបុរសរងគ្រោះជិះម៉ូតូដេញតាមរហូតមកដល់ផ្លូវR6(រ៉ារទេះភ្លើង)សង្កាត់ស្រះចក ត្រូវប្រជាពលរដ្ឋជួយចាប់បានវាយម្នាក់មួយដៃមួយជើងទ្រោមខ្លួន
-ហេតុការនេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៩ នៅចំណុចក្បែរវិហារចិនទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង២នាក់ទី១ ៖ មានឈ្មោះ មាស បូណា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ - ទី២ ឈ្មោះ ឡោ ចំណាន ភេទប្រុស អាយុ២០ឆ្នាំស្នាក់នៅផ្ទះជួលចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ម៉ូតូជិះធ្វើសកម្មភាពម៉ាក ហុកដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1L-8498 ។ ចំណែកជនរងគ្រោះមានឈ្មោះ កង វិបុល ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួល មុខវិហារចិន ទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
បើតាមសម្ដីបុរសរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូតាមផ្លូវ៥៥៥បំណងមកផ្ទះ ខណៈមកជិតដល់ផ្ទះត្រង់ចំណុចវិហារចិន ទឹកថ្លាស្រាប់ តែជនសង្ស័យ២នាក់ខាងលើ ជិះម៉ូតូមួយគ្រឿងឌុបគ្នាមកធ្វើសកម្មភាពឆក់ទូរសព្ទដៃរបស់គាត់បានសម្រេច ហើយព្យាយាមជិះគេចខ្លួន តែភ្លាមៗគាត់បានជិះម៉ូតូដេញតាមស្រែកថាចោរៗរហូតមកដល់ផ្លូវR6(រ៉ារទេះភ្លើង) ធ្វើឲ្យជនសង្ស័យដួលម៉ូតូ ក៏មានប្រជាពលរដ្ឋជួយចាប់និងស្វាគមន៍ម្នាក់មួយដៃ មួយជើង ឡើងទ្រោមខ្លួន ទើបសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលស្រះចក ចុះមកឃាត់ខ្លួនយកទៅសាកសួរ ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យរួចរាល់ ទើបដឹងថា ករណីឆក់កើតឡើងនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រួចក៏ទាក់ទងទៅសមត្ថកិច្ចប៉ុស្ដិ៍នគរបាលទឹកថ្លា ឲ្យមកទទួលជនសង្ស័យទាំង២នាក់ និងជនរងគ្រោះ យកទៅបន្តតាមនីតិវិធី ៕