ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សព្វព្រះរាជហឫទ័យយាងសួរសុខទុក្ខ និងប្រោសព្រះរាជទាននូវព្រះរាជអំណោយដល់ប្រជានុរាស្រ្ត នៅស្រុកបរសេដ្ឋ
ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យស្តេចយាងសួរសុខទុក្ខ និងប្រោសព្រះរាជទាននូវព្រះរាជអំណោយដល់ប្រជានុរាស្រ្តចំនួន ៤៣៨គ្រួសារ សិស្សានុសិស្សចំនួន ៣៧៩នាក់ ស្ថិតនៅភូមិព្រៃរំដែល ភូមិតានក ភូមិព្រៃខ្លា ឃុំភក្តី ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ក្នុងឱកាសដ៏វិសេសវិសាលនោះ ព្រះអង្គបានទទួលស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីសំណាក់ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក លោកស្រី ជាថ្នាក់ដឹកនាំអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោកយាយ លោកតា បងប្អូនប្រជារាស្រ្តជាកូន ជាចៅរបស់ព្រះអង្គ ប្រកបដោយក្តីនឹករឭក និងគោរពស្រឡាញ់ជាទីបំផុត ។
បន្ទាប់ពីព្រះរាជបន្ទូលសំណេះសំណាលរួចមក ព្រះករុណា ព្រះមហាក្សត្រ នៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ ស្តេចយាងប្រោសព្រះរាជទាននូវព្រះរាជអំណោយដោយផ្ទាល់ព្រះហស្តរបស់ព្រះអង្គ ដល់ប្រជានុរាស្រ្តទាំង ៤៣៨គ្រួសារ ប្រកបដោយទឹកព្រះទ័យសប្បាយរីករាយ និងអាណិតស្រឡាញ់ជាទីបំផុត។
ព្រះរាជអំណោយដែលព្រះអង្គប្រទានដល់ប្រជានុរាស្ត្រទាំង ៤៣៨គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មានមុង១ ភួយ១ សារុង១ និងក្រមា១) តង់កៅស៊ូ១ផ្ទាំង មី ១កេស ត្រីខ ១០កំប៉ុង ស្បែកជើងផ្ទាត់១គូរ អាវយឺតមានស្លាកព្រះរាជអំណោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១ និងថវិកា ១០ម៉ឺនរៀល ៕