ឆក់កាបូបជនបរទេសចំថ្ងៃស៊យត្រូវសមត្ថកិច្ចដេញតាម….
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជិះម៉ូតូធ្វើសកម្មភាពឆក់កាបូប ស្ពាយជនជាតិបរទេសប្រុសស្រី១ក្រុមដែលដើរកំសាន្តតាមដងផ្លូវបានសម្រេចរួចជិះគេចខ្លួនតែរត់មិនរួចត្រូវកម្លាំងសមត្ថកិច្ចដេញតាមចាប់បានវាយខ្នោះ
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង៣០នាទីយប់ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុច ផ្លូវលេខ៥១ កែងនិងផ្លូវលេខ២៧៨ ស្ថិតក្នុងសង្កាត់បឹងកេង កងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យដែលធ្វើសកម្មភាពឆក់កាបូបជនជាតិបរទេស មានឈ្មោះ សៅ ពៅ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបប កម្មករសំណង់ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានស្រុកកំណើត នៅភូមិព្រះស្ដេច ឃុំព្រះស្ដេច ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។
ដោយឡែកជនរងគ្រោះដែលត្រូវជនសង្ស័យឆក់កាបូប បជាស្ត្រី ជនជាតិអាមេរិក ដើរជាក្រុមមានគ្នា៦ ទៅ៧នាក់ ។
បើតាមសមត្ថកិច្ចនគរបាលប៉ុស្ដិ៍បឹងកេងកងទី១បានឲ្យដឹងថា មុនពេលកើតហេតុ ពួកបានជិះម៉ូតូល្បាតក្នុងមូលដ្ឋានដូចសព្វដង ពេលនោះស្រាប់តែឃើញជនសង្ស័យជិះម៉ូតូ ១គ្រឿងម៉ាក ស្មាក់រ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1A-3465 បានធ្វើសកម្មភាពឆក់កាបូបស្ត្រី ជនបរទេសម្នាក់ ដែលដើរកំសាន្តជាក្រុមនៅតាមផ្លូវលេខ៥១បានសម្រេចរួច បានជិះគេចខ្លួន ភ្លាមៗពេលឃើញសកម្មភាពដូចនោះកម្លាំងសមត្ថកិច្ច បានជីះម៉ូតូដេញតាមតាំងពីខណ្ឌចំការមនរហូតមក ដល់ផ្លូវលេខ២១៤ក្នុងខណ្ឌដូនពេញក៏បានធាក់ម៉ូតូជន សង្ស័យដួលរួចឃាត់ខ្លួនបានតែម្ដង ។
ក្រោយមកកម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅប៉ុស្ដិ៍នគរបាលរដ្ឋបាល បឹងកេងកងទី១ធ្វើការសាកសួរនិងកសាងសំណុំរឿង ចាត់ការបន្តតាមផ្លូវច្បាប់ ។ ដោយឡែកជនរង គ្រោះបាននាំគ្នាមកដាក់ពាក្យបណ្ដឹង និងទទួលយកកាបូប របស់ខ្លួនយកទៅវិញផងដែរ ៕