គណៈកម្មាធិការ ជាតិគ្រប់គ្រង គ្រោះមហន្តរាយ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមបង្ការ និង សង្រ្គោះគ្រោះមហន្តរាយក្នុងខេត្តឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ៖ នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៩ លោក ប៉ែន កុសល្យ អភិបាល នៃគណៈ អភិបាលខេត្ត ឧត្តរមានជ័យ និងប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញចូលរួម ជាគណៈអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមបង្ការ និងសង្គ្រោះគ្រោះមហន្តរាយ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេស កកម្មពិសេស និងជាអនុប្រធានទី១ គណ:កម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ នៅសាលាប្រជុំសាលាខេត្តឧត្តរមានជ័យ ។
ដោយកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត ប្រតិភូក្រុមការងារ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ដឹកនាំកងកម្លាំងទាំង៣ប្រភេទ អភិបាលក្រុង ស្រុក មេឃុំ ចៅសង្តាត់ នាយប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ មន្ទីរអង្គភាពនានាជុំវិញ ខេត្តបានអញ្ជើញចូល រួមប្រមាណជិត២០០នាក់។
លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍រាយការជូនអធិបតី និងអង្គពិធីទាំងមូលថា សម្រាប់ខេត្តឧត្តរមានជ័យ ក៏ដូចគ្នានឹងបណ្តាខេត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជា តែងតែជួបប្រទះគ្រោះមហន្តរាយធម្មជាតិជារៀងរាល់ឆ្នាំតែមិនធ្ងន់ធ្ងរធ្វើអោយយើងបាត់បង់ម្ចាស់ការទទួលខុសត្រូវនោះទេ ដែលជាទូទៅយើងអាចម្ចាស់ការ ដោះស្រាយបានហើយគ្រោះមហន្តរាយដែលតែងតែកើតមានញឹកញាប់គឺគ្រោះជំនន់ទឹកភ្លៀង ធ្លាក់ ខ្សល់កន្រ្តាក់ រន្ទះបាញ់ និងគ្រោះរាំងស្ងួតជាដើម។ ហើយប្រជាជនដែលងាយរងផលប៉ះពាល់ធ្ងន់ ជាងគេគឺស្ត្រី កុមារ ជនពិការ និងជនចាស់ជរា។ ដោយគិតត្រឹមឆមាសទី១ ឆ្នាំ២០១៩នេះ ខេត្តឧត្តរមានជ័យ បានទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់ កើតឡើងចំនួន ១៤លើក បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៣៩៧ខ្នង ក្នុងនោះដួលរលំទំាងស្រុង ០៨ខ្នង ខូចខាតរថយន្ត ០១គ្រឿង និងត្រាក់ទ័រ ០១គ្រឿង ម៉ូតូ០១គ្រឿង ព្រមទំាងរបួស់ធ្ងន់មនុស្ស០១នាក់ ។ ចំណែកគ្រោះអគ្គីភ័យកើតឡើងចំនួន ៥លើក ខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ ៥ខ្នង ម៉ូតូមួយគ្រឿង និងសម្ភារប្រើប្រាស់មួយចំនួន រួមនឹងគ្រោះថ្នាក់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ៣ករណី បណ្តាលអោយគ្រឿងចក្រចំនួន ០៣គ្រឿង តែពុំបណ្តាលអោយមានគ្រោះថ្នាក់ដល់ អាយុជីវិត មនុស្សឡើយ ។
នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ គន់ គីម ទេស រដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានបញ្ជាក់ថា គោលបំណង នៃកិច្ចប្រជុំនាពេលនេះ គឺយើងក្តាប់ឲ្យបានរាល់ព័ត៌មាន និងព្រឹត្តការណ៍ផ្សេងៗពិសេសការងាគ្រប់គ្រងគ្រោះមហន្តរាយ ហើយត្រូវត្រៀមកម្លាំងអន្តរាគមន៍ បង្ការ និងជួយសង្រ្គោះ និងត្រូវមានសំភារ: និងស្បៀងនៅពេលមានគ្រោះ មហន្តរាយកើត ឡើងភ្លាមៗ នៅមូលដ្ឋាន។ លោកក៏បានធ្វើការណែនាំ ប្រធានមន្ទីរជំនាញពាក់ព័ន្ធក៏ដូចជារដ្ឋបាលខេត្តត្រូវរៀបចំធ្វើសៀវភៅផែនការត្រៀមបង្ការគ្រោះមហន្តរាយ ដើម្បីអោយការជួយសង្រ្គោះមានប្រសិទ្ធភាព និងចំគោលដៅ។
លោកទេសរដ្ឋមន្រ្តី បានបន្តណែនាំដល់មន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធរួមគ្នាជម្រុញ និងធ្វើអោយបានតាមកម្មវិធីនយោយបាយរបស់រាជរដ្ឋាភិបាលត្រូវចុះជាប្រចាំ ខិតខំអោយអស់លទ្ធភាព និងបង្កើនល្បឿនការធ្វើវេទិការសាធារណៈជាមួយប្រជាជនតាមមូលដ្ឋានដើម្បីក្តាប់នូវព័ត៌មានទាំងឡាយដើម្បីដោះស្រាយបញ្ហា និងការលំបាករបស់បង ប្អូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។
ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី ក៏បានលើកយក បទពិសោធន៍ល្អៗមួយចំនួនពីបណ្តាខេត្តដទៃ ដើម្បីធ្វើជាការពិសោធន៍ជូនរដ្ឋបាលខេត្ត ក៏ដូចជាអង្គពិធីទាំងមូល ដើម្បីជាកន្លឹះក្នុងការដោះស្រាយវិវាទ សម្របសម្រួល រកនីតិវិធីដោះស្រាយជូនប្រជាពលរដ្ឋ ធ្វើអោយពួកគាត់មានជំនឿជឿជាក់ និងមានភាពកក់ក្តៅលើថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តទាំងមូល។
ជាកិច្ចបញ្ចប់នៃកម្មវិធី លោកទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ក្នុងនាមគណ:កម្មាធិការ ជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូពីសុខទុក្ខប្រជាពលរដ្ឋរហូតមក និងក្នុងនាមលោក ជាអនុប្រធានទី១នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជម្រុញឲ្យមន្រ្តី ជំនាញពាក់ព័ន្ធទាំងអស់ដែលមាន អភិបាលខេត្តជាប្រធានកិត្តិយសស្រាប់ ត្រូវបន្តយកចិត្តទុកដាក់ និងសហការគ្នាធ្វើការងារនេះឲ្យមានប្រសិទ្ធភាពខ្ពស់៕