Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ឯកឧត្តម ស្វាយ សំអ៊ាង ដឹកនាំកងកម្លាំងចម្រុះ ចុះដកបង្គោលរបងថ្មអនាធិបតេយ្យរាប់រយបង្គោលនៅភូមិពូហ្យាម​ ស្រុកអូររាំង​ ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖​ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល​ នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានដឹកនាំកងកម្លាំងចម្រុះ បន្តចុះដកបង្គោលរបងថ្មអនាធិបតេយ្យរាប់រយ​បង្គោល​ ដែលជនខិលខូចបានបោះព័ទ្ធកំណត់ព្រំ​រំលោភ​យកដីលេីផ្ទៃដីគម្រោងរបស់រដ្ឋទុក​សម្រាប់សាងសង់ព្រលានយន្តហោះ​ ដែល​មានទីតាំងស្ថិតនៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី​ ដែលប្រតិបត្តិការ​នេះ​បានធ្វើឡើង​នៅព្រឹកថ្ងៃសៅរ៍​ ១១រោច​ ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៩ រហូតដល់បង្គោលទាំងនោះត្រូវបានដកចេញអស់ ។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តបានឲ្យដឹងថា ដោយមើលឃើញមានសកម្មភាពបោះ​បង្គោលរបងថ្មយ៉ាងអនាធិបតេយ្យកំណត់ព្រំដីយកធ្វេីជាកម្មសិទ្ធផ្ទាល់ខ្លួននៅលើផ្ទៃដីគម្រោងសាងសង់ព្រលាន​យន្តហោះនេះ​ ទើបឯកឧត្តម​ សម្រេចដឹកនាំមន្ត្រីជំនាញ​បរិស្ថាន កម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ រួមជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះប្រតិបត្តិការដកបង្គោលរបងថ្មទាំងនោះ ដើម្បីការពារដីបម្រុងទុក​របស់រដ្ឋសម្រាប់ធ្វើការសាងសង់ព្រលានយន្តហោះនាពេលខាងមុខ។

ហេីយបច្ចុប្បន្នបង្គោលរបងថ្មទាំងនោះ​ យេីងបានយកទៅ​រក្សាទុក​បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកអូររាំង ដើម្បីស្រាវជ្រាវបន្តទៅតាមនិតីវិធី៕