កិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃកិច្ចការរដ្ឋបាលខេត្តកំពត
ខេត្តកំពត៖ ព្រឹកថ្ងៃចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៩ ខែ កក្ដដា ឆ្នាំ ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃកិច្ចការរដ្ឋបាលខេត្តកំពត រៀបចំដោយអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ។
ក្នុងកិច្ចប្រជុំនេះដែរ មានការអញ្ជេីញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីសាលាខេត្តសរុបចំនួន ១៦០ នាក់។
នៅក្នុងឱកាសនេះដែរឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្ត បានស្វាគមន៌យ៉ាងកក់ក្តៅចំពោះក្រុមការងារចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃកិច្ចការរដ្ឋបាលរាជធានី ខេត្តក្រសួងមហាផ្ទៃ ដែលបានចុះបេសកកម្មមកខេត្តកំពតនាពេលនេះ ដែលមានសារ:សំខាន់ចំពោះមន្រ្តីរាជការសលាខេត្តកំពតក្នុងការឆ្លុះបញ្ចាំងនូវការអនុវត្តការងាររបស់ខ្លួននាពេលកន្លងមក និងពង្រឹងការអនុវត្តមុខងាររបស់ខ្លួនឲ្យកាន់តែល្អ និងមានប្រសិទ្ធភាព ។
ឯកឧត្តមបានផ្តាំផ្ញេីដល់មន្រ្តីរាជការសាលាខេត្តទាំងអស់សូមផ្តល់នូវកិច្ចសហការ ព្រមទាំងសម្របសម្រួលជាមួយក្រុមការងារក្រសួងមហាផ្ទៃ ដេីម្បីទទួលបានលទ្ធផលល្អប្រសេីរ។