Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

ជនជាប់ចោទ នួន ជា បានទទួលមរណៈ​ភាព​នៅមន្ទីពេទ្យរុស្សុី ហើយត្រូវបញ្ចូនទៅបូជា​នៅខេត្តប៉ៃលិន

ភ្នំពេញ ៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានជូនដំណឹងមកអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ថា ជនជាប់ចោទ នួន ជា បានទទួលមរណៈភាពនៅវេលា​ម៉ោង០៦ល្ងាច ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យ។ ដោយគ្រួសាររបស់ លោក នួន ជា ត្រូវបានផ្តល់ដំណឹងអំពីមរណៈភាព​របស់គាត់។
-មុននិងបញ្ចូនសពលោក នួន ជា យកទៅបូជា​នៅឯខេត្តប៉ៃលិន ផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហមបានរៀបចំធ្វើសន្និ​សីទ​សារព័ត៌មាន នៅវេលាម៉ោង១១និង៣០​នាទី​យប់ថ្ងៃទី៤ខែសីហាឆ្នាំ២០១៩​ដោយ​មាន​ការចូលរួមពីសហ​ព្រះ​រាជអាជ្ញា​និងមេធាវី​ ការពារក្តីជនជាប់ចោទ នួន ជា នៅ​មន្ទីរពេទ្យ​ ខ្មែរ-សូវៀត ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ និងមហាជនទូរទាំងប្រទេសបាន​ដឹង​ផងដែរ ។
-គួរបញ្ចាក់ថា លោក នួន ជា កើតនៅថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ១៩២៦ មានតួនាទីជាអនុលេ​ខាបក្សកុម្មុយនីស្តកម្ពុជា សមាជិក គណៈកម្មាធិការអចិន្រៃ្តយ៍ និងគណៈកម្មាធិការ
មជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា និងជា​ប្រធានសភាតំណាងប្រជាជននៃ​របបកម្ពុជា​ប្រជាធិប​តេយ្យ។ គាត់ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៧។
លោក នួន ជា ត្រូវបានរកឃើញថា មាន​ពិរុទ្ធភាពពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតនៅក្នុងសំណុំរឿង ០០២/០១ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៤។ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ អង្គជំនុំជម្រះតុលាការកំពូល បានបដិសេធពិរុទ្ធភាពមួយចំនួន ប៉ុន្តែតម្កល់ការផ្តន្ទាទោសរបស់អង្គជំនុំជម្រះសាលាដំបូងឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ នៅថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០១៨ លោក នួន ជា ត្រូវបានផ្តន្ទាទោសពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ នៅក្នុងសំណុំរឿង ០០២/០២ ជាមួយ ខៀវ សំផន។ អង្គជំនុំជម្រះសាលាដំបូង បានរួមបញ្ចូលទោសជាប់ពន្ធ​នាគារអស់មួយជីវិតនៅក្នុងសំណុំរឿង ០០២/​០១ និងសំណុំរឿង ០០២/០២ ទៅជាការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត តែមួយ ៕