រថយន្តកុងទីន័រមួយគ្រឿងក្រឡាប់ផ្ងារជើងទ្រមេឃ សង្ស័យតៃកុងបើកបត់លឿនមិនប្រយត្ន័
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយបានកើតឡើងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រំលងអាធ្រាត ចូលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីរថយន្ត ធុនធំដឹកទូរកុងទីន័រមួយគ្រឿង មិនដឹងថាតៃកុងបើករបៀបណាទេ បានក្រឡាប់ផ្ងារជើងច្រង៉ាងនៅលើផ្លូវថៃហ្គរ កែងនិងផ្លូវជាតិលេខ១ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកុងទីន័រ មួយគ្រឿង ក្បាលពណ៌ខៀវចាស់ ពាក់ស្លាលេខភ្នំពេញ 3C-0795 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ខណះមកដល់ចំណុចផ្លូវថៃហ្គរក៏បួងចង្កូតមកខាងឆ្វេងយ៉ាងលឿន បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងឡើងច្រង៉ាងតែម្ដង ធ្វើឲ្យរថយន្ត និងសម្ភារៈមួយចំនួនរងការខូចខាតយ៉ាងដំណំ សំណាងល្អគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួស ។ ចំណែកតៃកុងរថយន្តបង្កបានគេចខ្លួនបាត់ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទាក់ទងទៅជំនាញចរាចរណ៍ក្រុង ឲ្យមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយតាមច្បាប់៕