លោកប្ដីកំណាច! វាយធ្វើបាបប្រពន្ធ រហូតដាច់ខ្យល់ស្លាប់
ភ្នំពេញ ៖ អាសូរណាស់! ស្ត្រីម្នាក់ ត្រូវបានលោកប្ដីចិត្តកំណាចមកពីផឹកសុីស្រវឹងរួចរករឿងវាយធ្វើបាបរហូតដល់ស្លាប់
ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង ១១ និង ២០ នាទីយប់ថ្ងៃទី០៥ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ១៨ ផ្លូវលេខ៤៨k ក្រុមទី១ ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាប្ដីមានឈ្មោះ ផង់ សំណាង អាយុ២៣ឆ្នាំ មុខរបរកម្មករលើកអុីវ៉ាន់ និងឆ្លៀតរត់ម៉ូតូឌុប មានទីលំនៅកន្លែងកើតហេតុខាងលើ។ ចំណែកសពស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះ នុយ វណ្ណារី អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅជាមួយគ្នា ពួកគេទាំង២នាក់យកគ្នាជាប្ដីប្រពន្ធរយពេល១ឆ្នាំមិនបានរៀបការនោះទេ។
តាមសម្ដី ជនសង្ស័យជាប្ដី បានសារភាពថា រាល់ថ្ងៃរូបគេនិងប្រពន្ធរស់នៅមិនសូវចុះសំរុងនិងគ្នានោះទេ ដោយរូបគេប្រច័ណ្ឌប្រពន្ធ រីឯប្រពន្ធក៏ប្រច័ណ្ឌរូបគេដែរហើយតែងតែឈ្លោះគ្នាជាញឹកញាប់ ។
-លុះនៅថ្ងៃកើតហេតុ រូបគេបានមកពីផឹកសុីជាមួយមិត្តភ័ក្ត្រ ដោយសារស្រវឹងនិងមានគំនិតគិតពីប្រពន្ធមិនល្អផង ក៏កើតជាហិង្សាវាយប្រពន្ធចំនួន២ដៃចំក្ដោងច្រមុះ រួចខ្ទប់ដង្ហើមរហូតដល់ស្លាប់តែម្ដង ។
ក្រោយកើតហេតុភ្លាមៗ ប្រជាពលរដ្ឋដែលរស់នៅជិតខាងបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកឃាត់ខ្លួនបានភ្លាមៗយកទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល កាកាបទី២ធ្វើការសួរនាំ និងកសាងសុំណុំរឿងបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ចាត់ការបន្តតាមនីតិវិធី ។ ចំណែកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចដឹកយកទៅតម្កល់ទុកនៅវត្តតាងកសាងធ្វើបុណ្យតាមប្រពៃណី ៕