នោះ ! ឧកញ៉ា គង់ ក្រឹង ត្រូវមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ហុង វិណុល ចេញលិខិតកោះ ឲ្យចូលខ្លួននៅថ្ងៃទី១៥សីហាខាងមុខនេះ
ភ្នំពេញ៖ លោក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញលិខិតកោះហៅ ឧកញ៉ា គង់ ក្រឹង ឲ្យចូលខ្លួនទៅកាន់បញ្ជារការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីបំភ្លឺពាក់ព័ន្ធនិងបទល្មើសព្រៃឈើ។
ការកោះហៅនេះធ្វើឡើង ដើម្បីដំណើរការស៊ើបអង្កេតឲ្យបានច្បាស់លាស់ត្រឹមត្រូវ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានអញ្ជើញចុះត្រួតពិនិត្យ និងស្តាប់របាយការណ៍កិច្ចប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ នៅខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីគណៈប្រតិភូអន្តរក្រសួងស្ថាប័នចំរុះ និងបានចុះពិនិត្យទីតាំងស្តុកឈើ៣កន្លែង ក្នុងមូលដ្ឋានស្រុកមេមត់។
លុះនៅរសៀលថ្ងៃដដែល ឯកឧត្តម បានបន្តចុះប្រតិបត្តិការត្រួតពិនិត្យឃ្លាំងស្តុកឈើ៩ទីតាំងរបស់ឧកញ៉ា គង់ ក្រឹងដែលជាឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើដ៏ល្បីល្បាញម្នាក់ ក្នុងទឹកដីស្រុកស្នួល ខេត្តក្រចេះ៕