ចុះបង្ក្រាបទីតាំងអ៉ិនធើណេត (២៤ម៉ោង) យីហោ NET-365 បង្កប់ល្បែងស៊ីសងមួយ ក្នុងចំណោមទីតាំងជាច្រើនទៀត ក្នុងខណ្ឌទួលគោក!
ភ្នំពេញ ៖ ទីតាំងបើក Internet យីហោ Net 365 បង្កប់ល្បែងភ្នាល់ចាក់បាល់តាមអនឡាញ ជ្រកក្រោមស្លាក អ៊ីនធឺណិត២៤ម៉ោង ដែលមានទីតាំងជាច្រេីន នៅតាមបណ្ដាលខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ ជាក់ស្តែងទីតាំងអ៊ិនធេីណេតបង្កប់ល្បែងស៊ីសងខុសច្បាប់ យីហោ 365 នៅក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានគណៈបញ្ជាឯកភាពខណ្ឌទួលគោកចុះបង្ក្រាប ។
ប្រតិបត្តិការខាងលើបានធ្វើឡើងនៅពីវេលា ម៉ោង០៣និង០០នាទីរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោក បុត្រ សុភា នាយករងរដ្ឋបាល ក្រោមការបញ្ជារចង្អុលបង្ហាញពីលោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក សហការជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានដឹកនាំចុះត្រួតពិត្យទីតាំងបើកInternet យីហោ365ដែល មាន ទីតាំងផ្ទះលេខ២៦១ ផ្លូវលេខ២៤៥ ក្រុមទី៩ ភូមិ១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ពេលចុះមកដល់ទីតាំងក្រុមប្រតិបត្តិការ បានត្រួតពិនិត្យមើលឃើញមានកុំព្យូទ័រទាំងអស់បើកដំណើរការ មានបើកអនឡាញបាល់ (ភ្នាល់ចាក់បាល់ស៊ីសងតាមអនឡាញ) ។
តាមសម្តីបុគ្គលិកណេតខាងលើ៤នាក់ បានបញ្ជាក់ថា ទីតាំងនេះពិតជាមានការភ្នាល់ចាក់បាល់តាមអនឡាញពិតប្រាកដមែន ទើបកម្លាំងបង្ក្រាបជាក់ស្តែងតែម្តង ។
ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបានចាប់យកវត្ថុតាងរួមមាន ៖១-ម៉ូនីទ័រចំនួន២០គ្រឿង, ២-CPU ចំនួន១២គ្រឿង, ៣-ម៉ៅចំនួន១៨គ្រឿង ឃីប៊ត ចំនួន១៣ , ៤-ធុងឆ្នោតផ្សងសំណាង០១, ៥-ឯកសារបុងភ្នាល់បាល់មួយចំនួន ។
ដោយចាប់យកវត្ថុតាងខាងលើ យកទៅរក្សាទុកនៅសាលាខណ្ឌទួលគោក ។ ដោយឡែកទីតាំងបើកល្បែងស៊ីសងខុសច្បាប់នេះ ក្រុមប្រតិបត្តិការសម្រេច ឃ្លុំបេរផ្ទះបិទអាជីវកម្ម ជាបណ្ដោះអាសន្ន តែមិនមានការឃាត់ខ្លួនមនុស្សទេ ។
បច្ចុប្បន្នសម្ភារៈវត្ថុតាងពាក់ព័ន្ធល្បែងខាងលើ បានចាប់ដកហូត យកទៅសាលាខណ្ឌទួលគោក រក្សាទុកដើម្បីអនុវត្តបន្តតាមនីតិវិធី ៕