ព្រោះតែភ្លើងប្រចណ្ឌមន្ត្រីយោធាម្នាក់ដកកាំភ្លើងបាញ់ប្រពន្ធជាច្រើនគ្រាប់រងរបួសធ្ងន់
ភ្នំពេញ៖ មន្ត្រីយោធាម្នាក់សង្ស័យកើត ភ្លើងប្រចណ្ឌ ដកកាំភ្លើងបាញ់ ប្រពន្ធ ជាច្រើនគ្រាប់បណ្តាលឲ្យរងរបួសធ្ងន់ ភ្លាមៗត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ខ្លួនយកទៅសួរនាំ
-ហេតុការណ៍បាញ់ប្រហា ដ៏សាហាវនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៧ខែសីហាឆ្នាំ២០១៩ នៅចំនុចអាហាដ្ឋាន(យីហោ ទីរ៉ានី)តាមបណ្ដោយផ្លូវរថភ្លើងកែងនិងផ្លូវ ភ្នំពេញហាណូយ ភូមិចុងខ្សាច់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញប្តីប្រពន្ធ២នាក់អង្គុយផឹកសុី ស្រាប់តែមួយសន្ទុះ មិនថាមានរឿងអ្វីទេប្រពន្ធបានដើរចេញមកក្រៅ ភ្លាមៗនោះបុរសជាប្តីបានដកកាំភ្លើងបាញ់ស្រោចជាច្រើនគ្រាប់ទៅលើប្រពន្ធរងរបួសធ្ងន់រួចបានព្យាយាមបើករថយន្ត រត់បំណងគេចខ្លួន ត្រូវ កម្លាំងសមត្ថកិច្ច ខណ្ឌសែនសុខ ដេញតាមរហូតមកដល់ ចំណុចមុខបូរីហ្គ្រេនភ្នំពេញផ្លូវហាណូយ សង្កាត់ឃ្មួញទើបចាប់បាន ។
-សមត្ថកិច្ចបានឲ្យដឹងថា ប្តីប្រពន្ធ២នាក់បានរៀបការជាមួយគ្នារយះពេល៥ឆ្នាំមកហើយនិងមានកូនពីរនាក់ក្នុងបន្ទុកដោយអ្នកទាំងពីររស់នៅឯខេត្តបន្ទាយមានជ័យ ដោយប្តីធ្វើជាទាហានក្រោយមកប្រពន្ធបានមករស់នៅភ្នំពេញ ប្រកបមុខរបរ លក់ខោអាចំណែកប្តី រស់នៅឯខេត្ត រយះពេល១ខែទើប មកជួបប្រពន្ធម្តង។ ប្រភពបន្តថា នៅថ្ងៃកើតហេតុជនដៃដល់ជាប្តីបានបើករថយន្តហាយលែនឌ័រពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ2A-6753 មកជួបប្រពន្ធនៅភ្នំពេញ ហើយខលហៅប្រពន្ធមកផឹកសុីនៅហាងកើតហេតុតែប្រពន្ធបានឆ្លើយថា ម្ដងនៅនេះម្ដងថានៅនោះ លុះមកជួបគ្នាអង្គុយផឹកមួយសន្ទុះប្រពន្ធបានដើរចេញក្រៅ ធ្វើអោយប្ដី កើតភ្លើងប្រចណ្ឌ ក៏បានដកកាំភ្លើងខ្លីម៉ាកK59បាញ់ប្រហាចំនួន៨គ្រាប់ទៅលើប្រពន្ធ ត្រូវចំនួន៥គ្រាប់បណ្ដាលឲ្យរងរបួសធ្ងន់ ភ្លាមៗត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យកាលម៉ែត្រ។
បច្ចុប្បន្នជនដៃដល់ជាប្តីសមត្ថកិច្ច កំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការបន្ត ៕