តំណាងអយ្យការកោះហៅ ទណ្ឌិត សម រង្ស៊ី លើកទី២ ឲ្យចូលឆ្លើយតាមបណ្តឹងរបស់សម្តេច ស ខេង
ភ្នំពេញ)៖ លោក សេង គឹមឡាក់ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ បានចេញដីកាកោះហៅ ទណ្ឌិត សម រង្ស៉ី ជាលើកទី២ ឲ្យចូលខ្លួនបំភ្លឺក្នុងករណីដែលសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្តឹងពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ។
ការកោះហៅជាលើកទ២ បានធ្វើឡើងបន្ទាប់ពី ទណ្ឌិត សម រង្ស៊ី មិនព្រមចូលខ្លួនឆ្លើយបំភ្លឺតាមដីកាកោះហៅលើកទី១ កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ។
យោងតាមសេចក្តីរាយការណ៍ ដីកោះហៅ ជាលើកទី២នេះ ត្រូវបានសមត្ថកិច្ច យកទៅបិទនៅមុខផ្ទះរបស់ទណ្ឌិត សម រង្ស៉ី នៅក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ។
គួររម្លឹកថា ក្រុមមេធាវីរបស់ សម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី ទៅកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ ដោយទាមទារសំណងជំងឺចិត្តចំនួន ១លានដុល្លារ។
ដើមចមដែលឈានដល់ ការប្តឹងទណ្ឌិត សម រង្ស៊ី ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ពីព្រោះតែ ទណ្ឌិត សម រង្ស៊ី បានបង្ហោះសារលាបពណ៌ បំភ្លៃការពិត អំពី មរណភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ។
នៅក្នុងសារដែលទណ្ឌិត សម រង្ស៉ី បង្ហោះលើបណ្តាញសង្គម Facebook មានគោលបំណងមួលបង្កាច់ដោយទុច្ចរិតថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកសម្លាប់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហុក ឡង់ឌី និងបានបំភ្លៃការពិតថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដែលជាកូនប្រុសរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហុក ឡង់ឌី កំពុងរៀបចំផែនការសងសឹក ដោយមានការគាំទ្រពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សូមជម្រាបជូនថា មកដល់ពេលនេះ ទណ្ឌិត សម រង្ស៊ី ដែលជាអតីតប្រធានគណៈបក្សង្គ្រោះជាតិ កំពុងរងបណ្តឹងជាច្រើនករណី និងកំពុងមានដីកាតាមចាប់ខ្លួនជាច្រើនបទល្មើសផងដែរ ប៉ុន្តែទណ្ឌិត សម រង្ស៊ី បច្ចុប្បន្នកំពុងរស់នៅក្នុងប្រទេសបារាំង ដែលជាប្រទេសកំណើតរបស់ខ្លួន៕