រន្ធត់ណាស់ព្រះអើយ! ឪពុកម្ដាយជាប់រវល់ទទួលភ្ញៀវឡើងផ្ទះថ្មី កូនលង់ទឹកស្លាប់
បន្ទាយមានជ័យ៖ ក្មេងប្រុសស្រី២នាក់ លង់ទឹករណ្ដៅដីស្លាប់យ៉ាងអាណោចអធម៌ ខណៈឪពុក ម្ដាយ ជាប់រវល់ទទួលភ្ញៀវក្នុងពិធីឡើងគេហដ្ឋានថ្មី
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ រសៀលថ្ងៃទី១៣ ខែសីហាឆ្នាំ២០១៩ នៅចំណុចក្រោយក្រុមហ៊ុន ទឹកស្អាត ភូមិគោដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
បើតាមសម្ដីបងប្រុសឈ្មោះ ទូច ត្រូវជាឪពុកមា-សពក្មេងទាំងពីនាក់បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៣សីហាឆ្នាំ២០១៩ ក្រុម គ្រួសារ ប្អូនគាត់បានធ្វើពិធីឡើងគេហដ្ឋានថ្មីដោយអញ្ជើញភ្ញៀវញាត្តិជិតខាងពិសេសប្អូនបង្កើតនៅបាត់ដំបងឲ្យចូលរួមកម្មពិធី លុះពេលភ្ញៀវចេញទៅផ្ទះវិញអស់ម្ចាស់ផ្ទះបានយកលុយមករាប់ស្រាប់តែបាត់កូនទាំង២នាក់មិនឃើញក៏ឆោឡោ ហើយនាំគ្នាដើរ រក ខណៈដើរទៅដល់ស្រះនៅក្រោយពីផ្ទះស្រាប់តែឃើញស្បែកជើងក្មេងទាំង២ក៏នាំគ្នាចុះរាវ រកឃើញក្មេងទាំង២រួចបីយកមកផ្ទះរលាក់ឲ្យចេញទឹកតែជាអកុសលក្មេងប្រុសស្រីទាំង២នាក់បានស្លាប់បាត់បង់ជីវិត ធ្វើឲ្យឪពុកម្ដាយយំបោកខ្លួនសោកស្ដាយកូន។
សមត្ថកិច្ចបានឲ្យដឹងថា សពក្មេងស្រីរងគ្រោះមានឈ្មោះ ជា ដាវរី អាយុ ៥ឆ្នាំ ម្តាយឈ្មោះ ង៉ាន់សុជាតិ ឪពុកឈ្មោះ ដុក ធីតា រស់នៅភូមិគោដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ចំណែកសពក្មេងប្រុសមានឈ្មោះត្រាំសាន់ ប្រុសអាយុ៦ឆ្នាំ ឪពុកឈ្មោះ ហេង ត្រា ម្តាយឈ្មោះ ង៉ាន់ លី រស់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកោសល្យវិច្ឆ័យ បានបញ្ជាក់ថាសពក្មេងប្រុសស្រីទាំង២នាក់ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន រួចក៏ធ្វើកំណត់ហេតុប្រគល់សពឲ្យឪពុងម្ដាយយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន ៕