អាសូរណាស់! យុវជនម្នាក់ជិះម៉ូតូត្រូវរថយន្តមិនចាំម៉ាកបើកឆ្លងផ្លូវបុកស្លាប់
ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូត្រូវរថយន្តមិនចាំម៉ាកបើកឆ្លងផ្លូវជ្រុលទៅដួលបោកក្បាល ស្លាប់ ៖ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦នឹង៣០នាទីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៦A (ត្រង់ចំណុចមុខសាលាសង្កាត់បាក់ខែង) ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ។
សពជនរងគ្រោះ(ស្លាប់)មានឈ្មោះ គា សុត្រា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងជួសជុសរថយន្តនៅម្តុំហ្គ្រេនភ្នំពេញស្នាក់នៅ ភូមិកាចាប់ខាងត្បូង ឃុំព្រែកតាមាក់ ស្រុកមុខកំពូល ខេត្តកណ្តាល។
តាមប្រពភព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក VIVA ពណ៌ក្រហម ពាក់ស្លាកលេខ ម-0141ភព-1ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦A ទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿង មិនចាំម៉ាកបានបើកចេញពីផ្លូវបេតុងទិសដៅកើតទៅលិចឆ្លងមកផ្លូវជាតិលេខ៦Aបំណងបត់មកឆ្វេងដៃ ហើយជ្រុលទៅបុកម៉ូតូ ជនរងគ្រោះពេញទំហឹង បណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែករថយន្តបង្កបើកគេចបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចបានទំនាក់ទំនងទៅក្រុមគ្រួសារជនរងគ្រោះនិងធ្វើកំណត់ហេតុប្រគល់សពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូសមត្ថកិច្ចប្រគល់ជូនសាច់ញាត្តិវិញ៕