ពលរដ្ឋរស់នៅភូមិដើមគខណ្ឌជ្រោយចង្វារស្ទើរបោះបង់ការធ្វើការដំណើរតាមផ្លូវខាងជើងស្ពានជ្រោយចង្វារដោយសារពិបាកខ្លាំងពេក
ភ្នំពេញ ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅភូមិដេីមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញសូមសំណូមពរយ៉ាងទទូចទៅដល់អាជ្ញាធរខណ្ឌជ្រោយចង្វារ មេត្តាជួយពិនិត្យ និងស្ថាបនា ផ្លូវ ១ខ្សែ នៅជាប់ខាងជើងគល់ស្ពានជ្រោយចង្វារ ត្រើយខាងកើត ដែលបច្ចុប្បន្ននេះ កំពុងរងការខូចខាតយ៉ាងខ្លាំង ដោយសាររថយន្តធុនធំដឹក គោ ក្របី នៅពេលយប់ជាអ្នកបំផ្លាញ ។ ដោយសារពិបាកខ្លាំងពេក ពួកគាត់រស់នៅក្នុងភូមិទាំងអស់ ស្ទើរតែបោះបង់ការការធ្វើដំណើរឆ្លងកាត់ផ្លូវនេះទៅហើយ ។
ប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះរៀបរាប់ប្រាប់ អ្នកសារព័ត៌មានឲ្យដឹងថា នៅក្នុងភូមិដេីមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានផ្លូវ ១ខ្សែ កំពុងរងការខូចខាតរាប់ឆ្នាំមក ហើយ បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិធ្វើដំណើរទៅណាម្តងៗពិបាកខ្លាំងណាស់ ខែប្រាំងក៏លំបាក ចំណែក ខែវស្សាភ្លៀងធ្លាក់ទឹកដក់ មានទាំងជង្ហុក តូច ធំ ជាច្រើនទៀតផង ធ្វើដំណើរឆ្លងកាត់ម្តងៗ សឹង្គតែទៅមិនរួច ។
ពលរដ្ឋប្រាប់បន្តអោយដឹងថា អ្នកធ្វើដំណើរទៅមក មានពេលខ្លះក៍មានការដួលកង់ ដួលម៉ូតូផងដែរ ដោយសារបុកជង្ហុក តូច ធំ នៅក្នុងទឹកនោះប៉ុន្តែមិនរងគ្រោះថ្នាក់ធ្ងន់ធ្ងរនោះ ទេ គ្រាន់តែប្រឡាក់ខោអាវទៅណាមិនកើតប៉ុណ្ណោះ ។ ពួកគាត់រស់នៅក្នុងភូមិទាំងអស់ ស្ទើរតែបោះបង់ការការធ្វើដំណើរឆ្លងកាត់ផ្លូវនេះទៅហើយ ប៉ុន្តែវាគ្មានជំរើស ទើបចេះតែទ្រាំទៅ ។
ប្រជាពលរដ្ឋបន្តទៀតឲ្យដឹងថា ផ្លូវ ១ខ្សែដែលរងខូចខាតខ្លាំងនេះ គឺបង្កឡើងដោយសារតែរថយន្តធុនធំៗដឹកជញ្ជូនសត្វគោ ក្របី យកទៅដាក់នៅ កុងស៊ីកាប់គោនៅខាងជើងភូមិរបស់ពួកគាត់ ជារៀងរាល់យប់ ទេីបបណ្តាល អោយផ្លូវនេះទ្រុឌទ្រោមកាន់តែខ្លាំងទៅៗបែបនេះ។
ដោយសារបញ្ហាទាំងអស់នេះ ពលរដ្ឋ សូមសំណូមពរយ៉ាងទទូចទៅដល់លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ មេត្តាជួយពិនិត្យមើល ក្នុងការជួសជុល ស្ថាបនាផ្លូវ ១ខ្សែនេះ ឲ្យបានល្អប្រសើរ ដើម្បីបំរើផលប្រយោជន៍ទូទៅដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមកបានស្រួល ៕